អគ្គលេខាធិការសហព័ន្ធខ្មែរកីឡា ហែលទឹក បញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ ហែលទឹកជើងឯកយុវជនអាស៊ីអាគ្នេយ៍ ឆ្នាំនេះ គឺកម្ពុជាចង់បង្ហាញពីភាពរីកចំរើនគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម័ន្ធ ជាពិសេសវិស័យកីឡា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា
អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹក ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ឆ្នាំ២០១៩នេះ គឺកម្ពុជាចង់បង្ហាញពីភាពរីកចម្រើនគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច ហេដ្ឋារចនាសម័ន្ធ ជាពិសេសវិស័យកីឡា ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

លោកបន្តថា ការធ្វើជាម្ចាស់ផ្ទះនេះដែរ ក៏ជាឱកាសឲ្យសម្រាប់កីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា បានដកស្រង់បទពិសោធន៍ និងបច្ចេកទេសពីអត្តពលិក នៅតំបន់អាស៊ីអាគ្នេយ៍ ចំណុចសំខាន់មួយទៀត គឺឲ្យមន្រ្តីសហព័ន្ធផ្ទាល់ មន្រ្តីរដ្ឋបាល មន្រ្តីពាក់ព័ន្ធនានា បានរៀនសូត្រពីការរៀបចំព្រឹត្តិការណ៍ធំៗជាលក្ខណៈអន្តរជាតិ។

លោកអគ្គលេខាធិការ បានរំលឹកថា កាលឆ្នាំ១៩៦៧ កម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ក្នុងកីឡាហែលក៏ជាប្រភេទកីឡាមួយ ក្នុងចំណោមជាង១០ប្រភេទកីឡា ដែលត្រូវឲ្យប្រកួតប្រជែង ក្នុងនោះកីឡាហែលទឹក មាន៣វិញ្ញាសា គឺមានហែលទឹក បាល់ទឹក និងលោតទឹក ដូច្នេះគិតមកដល់បច្ចុប្បន្នយើងមិនធ្លាប់ទទួលធ្វើព្រឹត្តការណ៍អន្តរជាតិទេ ទើបតែឆ្នាំ២០១៩នេះ កម្ពុជាទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះម្តងទៀត។

លោកបន្ថែមទៀតថា កម្ពុជាដាក់សុទ្ធសឹងតែកីឡាករ កីឡាករិនីវ័យក្មេងមានអាយុចាប់ពី១៧ឆ្នាំចុះ ដើម្បីវាស់ស្ទង់សមត្ថភាព ក្នុងដំណើរឆ្ពោះទៅ ២០២៣ ដោយសហព័ន្ធខ្មែរកីឡាហែលទឹក ដាក់គោលដៅយកមេដាយ២គ្រឿង គឺមេដាយមាស ប្រាក់ និងសំរឹទ្ធិមួយណាក៏បាន ក្នុងចំណោម២០វិញ្ញាសា ដែលយើងកំពុងតែត្រៀម។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍យុវជន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមសរុប៤០៦នាក់ ក្នុងនោះមានអត្តពលិកសរុប ២៩០នាក់ ដោយត្រូវប្រជែងលើ១០៥វិញ្ញាសា រយៈពេល៣ថ្ងៃ ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈសហព័ន្ធខ្មែរកីឡាហែលទឹក បានត្រៀមកីឡាករ កីឡាការិនីថ្នាលរបស់ខ្លួន ចំនួន២០នាក់ និងគ្រូងបង្វឹក ប្រតិភូចំនួន៥នាក់៕ធ.ដ
