ប្រកាសតែងតាំងប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី

រតនគិរី៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសតែងតាំងលោក ដួច ប៊ុនណា ឲ្យចូលកាន់មុខតំណែងជាប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តរតនគិរី ជំនួស លោក ទន់ សុថារ័ត្ន ដែលបានចូលនិវត្តន៍។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ នៅសាលាខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្តម វង់ សណ្តាប់ អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត។ ដោយឡែក លោក លោកស្រីប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារក៏បានអញ្ជើញចូលរួមក្មុងពិធីនេះផងដែរ។

ឯកឧត្តម វង់ សណ្តាប់ បានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចជ្រើសរើសយកមកប្រតិបត្តិយ៉ាងម៉ឺងម៉ាត់តាមពាក្យស្លោក«កែទម្រង់ គឺរស់ បើមិនកែទម្រង់ គឺស្លាប់»។ ក្នុងន័យនេះ ការងារកែទម្រង់ គឺការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីដឹកនាំកម្ពុជាឈានទៅសម្រេចបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ឯកឧត្តមបានផ្តាំផ្ញើដល់លោក ដួច ប៊ុនណា ដែលជាប្រធានមន្ទីរថ្មីត្រូវខិតខំអនុវត្តន៍តួនាទី ភារកិច្ច ដែលអង្គភាពប្រគល់ជូនក្នុងការធ្វើឲ្យការងារហិរញ្ញវត្ថុខេត្ត មានការរីកចម្រើន និងសហប្រតិបត្តិការល្អទន់ភ្លន់ ហ្មត់ចត់ ជាមួយគ្រប់មន្ទីរជំនាញ រដ្ឋបាលក្រុង/ស្រុក ឃុំ/សង្កាត់ និងគោលនយោបាយកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ ឲ្យកាន់តែល្អប្រសើរ។

ឯកឧត្តមបានបន្តទៀតថា ក្រៅពីនេះត្រូវខិតខំប្រឹងប្រែងបំពេញមុខនាទីរបស់ខ្លួន ដោយប្រកាន់ខ្ជាប់នូវអភិក្រម ការងារដឹកនាំ និងគ្រប់គ្រងអង្គភាព តាមគោលការណ៍បុរេសកម្ម ការបំពេញកាងារជាក្រុម នានាឲ្យមានតម្លាភាពប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវប្រកបដោយវិជ្ជាជិវៈខ្ពស់៕ម.ន ដោយៈ គតិ យុត្ត

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner