ប្រជាពលរដ្ឋចាស់ជរាមានជំងឺ និងជីវភាពខ្វះខាតជិត៣០គ្រួសារ ថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ប្រជាពលរដ្ឋចាស់ជរាមានជំងឺ និងជួបការខ្វះខាតក្នុងជីវភាពរស់នៅ ប្រមាណជា២៨គ្រួសារ ក្នុងសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចម្រេះទី១ សង្កាត់ច្រាំងចម្រេះទី២ និងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ ពួកគាត់បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្រៅពីការថ្លែងអំណរគុណ បងប្អូនប្រជាពលរដ្ឋក្រីក្រ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្ដិសិទ្ធិក្នុងលោក ជួយប្រោសព្រំថែរក្សាផ្ដល់សិរីសួស្ដី ជ័យមង្គលវិបុលសុខ ដ៏ប្រសើរថ្លៃថ្លាជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី និងចៅៗជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។

ការជូនពរ និងថ្លែងអំណរគុណខាលើនេះ បានធ្វើឡើងក្រោយពីពួកគាត់ជាប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ កំពុងជួបការខ្វះខាតខ្លាំង បានទទួលគ្រឿងឧបភោគបរិភោគ និងថវិកាសង្គ្រោះមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅបានមួយគ្រា ក្នុងពិធីជួបសួរសុខទុក្ខ សំណេះសំណាលផ្ដាំផ្ញើពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា អនុប្រធានកិត្តិយស តំណាងលោក ជា ពិសី ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ។

សូមរំលឹកថា ក្រោយពីបរិច្ចាកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចាស់ជរាមានជំងឺ រស់នៅសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចម្រេះទី១ សង្កាត់ច្រាំងចម្រេះទី២ ប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជាពិសី រួមដំណើរដោយចៅសង្កាត់ និងសហការី បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចូលរួមចំណែកឧបត្ថម្ភ ជួយដោះស្រាយបញ្ហាក្នុងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋងាយរងគ្រោះមានជំងឺ ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦វិញម្ដងបើគិតត្រឹមព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ តាមអនុសាសន៍ដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ជា ពិសី បានលើកឡើងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែបងប្អូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ពោលគឺជាជនងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ ដែលជាការដឹកនាំចង្អុលបង្ហាញចំគោលដៅពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner