អង្គការក្តីករុណា រៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោងផ្កាស្លា និងកិច្ចពិភាក្សា អន្តរជំនាន់ស្តីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម នៅខេត្តរតនគិរី

អត្ថបទដោយ៖
Kien Sereyvuth

រតនគិរី៖ នៅវត្តឥសាន្តរតនារាម ស្ថិតភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ អង្គការក្តីករុណា បានរៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោង ផ្កាស្លា និងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ទឹម មិនា នាយកអង្គការក្តីករុណា និងលោកលោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មេបុស្តិ៍ មេភូមិចៅសង្កាត់ នាយកសាលា សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

លោក ទឹម មិនា នាយកអង្គការក្តីករុណាបានលើកឡើងថា អង្គការក្តីករុណា គឺជាអង្គការក្រៅរដ្ឋភិបាល ក្នុងស្រុកមួយដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ និងអនុវត្តន៍ការងារតាំងពីឆ្នាំ២០០៥ នៅតាមបណ្តាខេត្តសរុបចំនួន២១ខេត្ត ដោយផ្តោតលើការងារកសាងសន្តិភាព និងផ្សព្វផ្សាយប្រវត្តិសាស្រ្តខ្មែរក្រហម ដោយផ្អែកលើចំណុចសំខាន់បីគឺ ភាពសម្រុះជាតិសាសន៍ សមភាព និងសេចក្តីថ្លៃថ្នូរ។ ជាក់ស្តែងអង្គការក្តីករុណា បាននឹងកំពុងអនុវត្តន៍កម្មវិធីធំៗចំនួនពីរ៖ ទី១)ការផ្សព្វផ្សាយប្រវត្តិសាស្រ្តខ្មែរក្រហម និងយុត្តិធម៌ និងទី២)កិច្ចពិភាក្សាអន្តរជំនាន់ជាមួយអន្តរជាតិ ដោយមានគម្រោងចំនួនបួន ដើម្បីកិច្ចសន្ទនាអន្តរជំនាន់ក្នុងគ្រួសារអំពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម និងការជាសះស្បើយ និងផ្សះផ្សារបស់ជនរងគ្រោះពីអំពើទារុណកម្មក្នុងរបបខ្មែរក្រហម។

លោកបានបន្តថា ការរៀបចំកម្មវិធីពិព័រណ៍ចល័តផ្កាស្លា និងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហមនេះ មានគោលបំណងចម្បងគឺដើម្បីផ្សព្វផ្សាយអំពីបទពិសោធន៍នានា របស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ទាក់ទងនឹងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ជាពិសេសការរៀបការនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ គិតចាប់ពី១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ជារបបមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ និងមានប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិតបានរងការប៉ះទង្គិចផ្លូវចិត្តរហូតដល់បច្ចុប្បន្ន។

ម្យ៉ាងវិញទៀតជាឱកាសដ៏ល្អមួយសម្រាប់យុវជនដើម្បីស្វែងយល់អំពីរឿងរ៉ាវពិតដែលបានកើតឡើងកាលពីសម័យខ្មែរក្រហម តាមរយៈការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នករស់រានមានជីវិត និងផ្តល់ការគាំទ្រដល់ពួកគាត់ ក៏ដូចជាចូលរួមទប់ស្កាត់កុំឲ្យមានអំពើហិង្សាក្នុងឧក្រិដ្ឋកម្មកើតឡើងសាជាថ្មី។

ឯកឧត្តម មួង ប៉ាង អភិបាលខេត្តស្តីទីបានមានប្រសាសន៍ថា ការរៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោង ផ្កាស្លា និងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម ដែលជាគម្រោងស្នើសុំសំណងក្នុងសំណុំរឿង០០២/០២ ដោយផ្តោតទៅលើការរៀបការក្នុងរបបខ្មែរក្រហម ដែលបានដាក់ជូនទៅកាន់សាលាក្តីខ្មែរក្រហម និងដែលបានរៀបចំឡើងដោយអង្គការក្តីករុណាក្នុងទឹកដីក្រុងបានលុង ខេត្តរតនគិរី នាពេលនេះ។

ឯកឧត្តមបន្តថា របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមដែលគិតចាប់ពី ១៧ មេសា ១៩៧៥ ដល់ ៦ មករា ១៩៧៩ ជារបបមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ និងមានប្រជាជនប្រមាណ៣លាននាក់បានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិតបានរងការប៉ះទង្គិចផ្លូវចិត្តរហូតដល់បច្ចុប្បន្ន ហើយជាការពិតណាស់ដោយការលះបង់ដ៏ធំធេងមិនគិតពីអាយុជីវិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឥស្សជនបានលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឲ្យចេញពីរបបដ៏ខ្មៅងងឹតនេះ ហើយបានបង្កើតនូវនយោបាយឈ្នះ-ឈ្នះ ដែលជាមូលហេតុចម្បងធ្វើឲ្យប្រទេសកម្ពុជាយើងមានសុខសន្តិភាព និងមានការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ។

ក្រោយរំដោះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩រដ្ឋាភិបាលកម្ពុជាបានខិតខំស្តា និងកសាងប្រទេស ជាតិពីចំណុចសូន្យរហូតស្ថានភាពបច្ចុប្បន្ន បានកសាងផ្លូវ ស្ពាន សាលារៀនមន្ទីរពេទ្យ និងជួយបង្កើតឲ្យមានសមធម៌ក្នុងសង្គម ព្រោះថាក្នុងសម័យនោះសម្បូរទៅដោយស្រ្តីមេម៉ាយពោះម៉ាយ ក្មេងកំព្រាគ្មានទីពឹងជាដើម។ ឯកឧត្តមបានគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសសិស្សានុសិស្ស និងយុវជនទាំងអស់ បានចូលរួមសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្តដ៏ជូរចត់មួយនេះ សម្រាប់ជាចំណេះដឹង និងទប់ស្កាត់កុំឲ្យមានរបបនេះកើតឡើងសាជាថ្មីទៀត។

ទន្ទឹមនេះយើងអាចចូលរួមចំណែកគាំទ្រ ដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលពួកគាត់ភាគច្រើនត្រូវទទួលរងនូវការរំលោភបំពាន ការបង្ខំឲ្យធ្វើការលើសកម្លាំង ការធ្វើទារុណកម្មនានា ការលុបបំបាត់សាសនា ការបាត់បងសាច់ញាតិជាទីស្រលាញ់ជាដើម ដើម្បីឲ្យពួកគាត់មានអារម្មណ៍ធូរស្បើយនិងប្រសើរឡើង៕ធ.ដ

ដោយៈ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner