អភិបាលខេត្តព្រះសីហនុ បានលាលែងពីតំណែង ក្រោយពីមានឧបទ្ទវេហេតុ រលំបាក់អគារកំពុងសាងសង់ បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាច្រើន
ទំព័រហ្វេសប៊ុកសម្ដេចតេជោ នៅរសៀលថ្ងៃ២៤មិថុនានេះ បានសរសេរថា ក្នុងពេលបំពេញការងារនៅខេត្តព្រះសីហនុ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទទួលស្គាល់កំហុសលើ
ការគ្រប់គ្រងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលបណ្តាលឲ្យមានរឿងឈឺចាប់កើតឡើង។ គាត់បានស្នើមកខ្ញុំ ដើម្បីលាលែងចេញពីអភិបាលខេត្តព្រះសីហនុ។
សម្ដេចបានបន្តថា សម្ដេចបានយល់ព្រមឲ្យគាត់លាលែង និងបានពិភាក្សាជាមួយសម្តេច ស ខេង យកឯកឧត្តម គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម មកធ្វើជាអភិបាលខេត្តព្រះសីហនុវិញ។ ទោះជាមានការរៀបចំបែបនេះក៏ដោយ ក៏ឯកឧត្តម យន្ត មីន នៅបន្តដឹកនាំយុទ្ធនាការរុករក និងសង្រ្គោះតទៅទៀតរហូតចប់កិច្ចការ និងអភិបាលខេត្តថ្មីចូលកាន់តំណែង។
សម្ដេចក៏បានបញ្ជាក់ថា សម្ដេចបានសម្រេចចិត្តដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕ធ.ដ