ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ៖ ការសាងសង់ផ្ទះរបស់គ្រួសារកងទ័ព គឺត្រូវផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ នោះទើបធ្វើឱ្យការរស់នៅមាន​ភាពងាយស្រួល និងបង្កើនជីវភាពឱ្យប្រសើរឡើង

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីគំរូផ្ទះគ្រួសារកងទ័ព នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ការសាងសង់ផ្ទះរបស់គ្រួសារកងទ័ព គឺត្រូវផ្សារភ្ជាប់ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ នោះទើបធ្វើឱ្យការរស់នៅមានភាពងាយស្រួល និងបង្កើនជីវភាពឱ្យប្រសើរឡើង ។ រាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ដល់គ្រួសារកងទ័ពដោយមិនត្រឹមតែផ្ដល់ដីជូនអតីតយុទ្ធជននិងគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានដែលប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវជូនគ្រួសារកងទ័ពផងដែរ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា តាមរយៈកម្មវិធីដីសម្បទានសង្គមកិច្ច រាជរដ្ឋាភិបាលមិនត្រឹមតែផ្ដល់ដីដល់អតីតយុទ្ធជននិងគ្រួសារកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់គិតគូរអំពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនិងលំនៅឋានប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ព្រមទាំងការដាំដុះដំណាំផ្សេងៗផងដែរ។ គោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផ្ដល់លំនៅឋានដ៏សមរម្យ និងអាចរស់នៅបានយូរអង្វែងជូនដល់គ្រួសារកងទ័ព។

ក្នុងន័យនេះ ឯកឧត្តម បានណែនាំដល់ក្រុមការងារត្រូវគិតគូរក្នុងការសាងសង់លំនៅឋានបែបណាដើម្បីផ្ដល់ជូនគ្រួសារកងទ័ពឱ្យរស់នៅបានសមរម្យ រឹងមាំ មានភាពទូលាយ មានខ្យល់ចេញចូលគ្រប់គ្រាន់ មានបរិយាកាសល្អនិងមានគុណភាពស្របតាមស្តង់ដារបច្ចេកទេសនៃសំណង់ ផ្តល់ភាពងាយស្រួលក្នុងការរស់នៅបានយូរអង្វែង ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លាចំពោះវីរភាពដ៏អង់អាចក្លាហានរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិមាតុភូមិ និងក៏ជាការផ្ដល់ក្តីសង្ឃឹមនិងស្នាមញញឹមដល់ពួកគាត់នៅពេលចូលទៅរួមរស់ជាមួយប្រជាពលរដ្ឋស៊ីវិលវិញ។

សូមជម្រាបថា គោលដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាគឺប្រែក្លាយតំបន់ជនបទឱ្យទៅជាបុរីជនបទ និងភូមិឋានក្សេមក្សាន្ត មានន័យថាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានសេចក្តីសុខសុភមង្គល មានជីវភាពធូរធារ មានការងារធ្វើ មានប្រាក់ចំណូល មានលំនៅឋានរស់នៅសមរម្យ មានអាហារហូបចុកគ្រប់គ្រាន់ មានសុខភាពល្អ និងទទួលបានការសិក្សាអប់រំគ្រប់ៗគ្នា៕

ដោយ ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner