ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញបន្តពង្រឹងមន្រ្តីបរិស្ថាន នៅតាមបណ្តាខេត្ត ក្នុងការអនុវត្តយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល
ខេត្តក្រចេះ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងនិងមន្រ្តី នៃមន្ទីរបរិស្ថានក្រចេះ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងការអនុវត្តការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញលើសសរស្តមបី គឺស្អាត បៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថា ការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប និងជាពិសេសប្រជាពលរដ្ឋដែលស្រឡាញ់ភាពស្អាត នឹងបន្តចូលរួមជាមួយយុទ្ធនាការក្រសួងបរិស្ថាន មួយជំហានមួយជំហាន ការសម្អាតសំរាម សំណល់ប្លាស្ទិក ពីព្រោះថាបរិស្ថាននៅជុំវិញយើងគ្របគ្នា ដើម្បីសម្រេចបានភាពស្អាត ភាពបៃតង លើកកម្ពស់សុខភាពល្អ ទាក់ទាញស្រូបទាញភ្ញៀវទេសចរណ៍ ឱ្យចូលមកទស្សនាកម្ពុជា និងការលើកកម្ពស់កិត្តិយសគុណភាពបរិស្ថាន នៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងលើកទឹកចិត្តដល់អាជ្ញាធររាជធានីខេត្ត និងប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត បៃតង និងមានការអភិវឌ្ឍដោយចីរភាព ។
ឯកឧត្តបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការក្រសួងបរិស្ថាន បានជំរុញការប្តេជ្ញាចិត្ត ដក់ចាំនៅក្នុងចិត្ត ហើយកែប្រែផ្នត់គំនិត ដើម្បីភាពស្អាត បន្ទាប់មកការប្តេជ្ញាចិត្តបានក្លាយជាបណ្តើរៗ ជាចលនាផុសផុល នោះទម្លាប់នៃភាពស្អាត នឹងកើតមានដល់ប្រជាពលរដ្ឋគ្រប់រូប ហើយបន្តភាពស្អាតនៅកម្ពុជា តទៅកូនចៅជានិរន្តរ ៕
ដោយ ៖ ង៉ាន់ ទិត្យ










