ប្រធានាធិបតីអ៊ីរ៉ង់ថ្មី ស្បថចូលកាន់តំណែង
បរទេស៖ ប្រធានាធិបតីថ្មី របស់ប្រទេសអ៊ីរ៉ង់ លោក Masoud Pezeshkian បានស្បថចូលកាន់តំណែងជាផ្លូវការ នៅក្នុងសភា កាលពីថ្ងៃអង្គារ បន្ទាប់ពីឈ្នះការបោះឆ្នោតមុនកំណត់ ក្រោយពេលមានហេតុការណ៍ធ្លាក់ឧទ្ទម្ភាគចក្រ ស្លាប់អតីតប្រធានាធិបតី Raisi កាលពីខែឧសភា។
លោក Pezeshkian ត្រូវបានស្គាល់ថា ជាអ្នកកំណែទម្រង់ ហើយលោកបានក្លាយជាប្រធានាធិបតីទី៩ របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។
លោក Pezeshkian ទទួលបានភាពលេចធ្លោ សម្រាប់ជំហរប្រឆាំងនឹងការបង្ក្រាប លើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ឆ្នាំ២០០៩។ អ្នកជំនាញនិយាយថា លោកអាចជួយសម្រួលដល់ការសន្ទនា រវាងប្រទេសអ៊ីរ៉ង់ និងបណ្តាប្រទេសលោកខាងលិច នេះបើតាមការចេញផ្សាយរបស់ CNN។
ពិធីនេះក៏មានការចូលរួម ដោយឥស្សរជនបរទេស ផងដែរ ហើយមានការផ្សាយផ្ទាល់ នៅលើទូរទស្សន៍រដ្ឋ។ លោក Pezeshkian បាននិយាយ ក្នុងពេលស្បថចូលកាន់តំណែងថា «ក្នុងនាមជាប្រធានាធិបតី នៅចំពោះមុខបរិសុទ្ធកូរ៉ាន និងប្រជាជនអ៊ីរ៉ង់ ខ្ញុំសូមស្បថចំពោះព្រះដ៏មានមហិទ្ធិឫទ្ធិថា ជាអ្នកការពារសាសនាផ្លូវការ និងប្រព័ន្ធសាធារណរដ្ឋអ៊ីស្លាម និងរដ្ឋធម្មនុញ្ញ នៃប្រទេស»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត