សម្តេចតេជោ ហ៊ុន សែន ដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានអញ្ជើញដឹកនាំសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥ ដើម្បីពិនិត្យ ឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន៩៩រូប។
បើតាមឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី ដែលបានចូលរួមបំភ្លឺការពារសេចក្តីព្រាងច្បាប់នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា បានពន្យល់ថា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូប នីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសនេះ មាន៣មាត្រា ដែលគណៈរដ្ឋមន្ត្រី សម្រេចយល់ព្រមក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ កន្លងមក ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា អនុសញ្ញស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវ អាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវ អាកាស ពីថ្ងៃទី១០ ដល់ទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដា ឆ្នាំ ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន ១៣៩ ប្រទេស។ កម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញាម៉ុងរ៉េអាល់នេះ តាំងពីឆ្នាំ ១៩៩៩មកម៉្លេះ ប៉ុន្តែមិនទាន់បានផ្តល់សច្ចាប័ននៅឡើយ ។
ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បន្តថា សេចក្តីពា្រងច្បាប់នេះ នឹងបង្ហាញឆន្ទៈ និងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា ជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគម ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើឱកាសកាន់តែច្រើនដល់កម្ពុជា ចូលរួមដោយផ្ទាល់ក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ មិនតែប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះ ក៏បានធានាជំរុញការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន ផ្តលភាពងាយស្រួលនិងជំរុញការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាស តាមរយៈការប្រើប្រាស់អញ្ញត្តិបណ្ណដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាទម្រង់អេឡិចត្រូនិក ស្របតាមបរិបទ នៃបរិវត្តកម្មឌីជីថល ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ








