ក្រុមហ៊ុនប្រេងយក្សអង់គ្លេសធ្លាក់ចុះប្រាក់ចំណេញក្នុងឆមាសទី១ ឆ្នាំ២០២៤
ឡុងដ៍៖ ក្រុមហ៊ុន BP កាលពីថ្ងៃអង្គារបានប្រកាសថា ប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤ ដោយសារខ្លួនបានរងគ្រោះ ពីការធ្លាក់ថ្លៃនៃទ្រព្យសកម្ម និងប្រាក់ចំណូល។
ក្រុមហ៊ុន BP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួច បានធ្លាក់ចុះរហូតដល់ ៧៩ភាគរយ មានត្រឹម ២.១៣ពាន់លានដុល្លារ។ ជាមួយគ្នានេះ ប្រាក់ចំណូលរបស់ BP ក៏បានធ្លាក់ចុះចំនួន ៨ភាគរយផងដែរ មានត្រឹម ៩៨ពាន់លានដុល្លារ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤។
ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ចក្រភពអង់គ្លេស BP កាលពីដើមខែនេះ ក៏បានប្រកាសទទួលស្គាល់ដែរថា ប្រាក់ចំណូលចុងក្រោយបំផុតរបស់ខ្លួន នឹងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការកាត់បន្ថយការចម្រាញ់ប្រេងនៅក្នុងប្រទេសអាល្លឺម៉ង់។
ទោះបីជាយ៉ាងណា នាយកប្រតិបត្តិក្រុមហ៊ុន BP លោក Murray Auchincloss បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជីវកម្មរបស់ BP នឹងនៅតែបន្តដំណើរការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ទន្ទឹមគ្នា អ្នកជំនាញផ្នែកថាមពលក៏កំពុងមានអារម្មណ៍ពីផលប៉ះពាល់ នៃការធ្លាក់ចុះតម្លៃឧស្ម័នផងដែរ ដែលបានធ្លាក់ចុះយ៉ាងគំហុក ចាប់តាំងពីអ្នកផលិតថាមពលដ៏ធំគឺរុស្ស៊ី បើកការលុកលុយអ៊ុយក្រែននៅដើមឆ្នាំ ២០២២មក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា