សហរដ្ឋអាមេរិកផ្តល់ថវិកាយោធាចំនួន ៥០០លានដុល្លារដល់ហ្វីលីពីន
ម៉ានីល៖ ប្រមុខការទូតអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងផ្តល់មូលនិធិយោធាចំនួន ៥០០លានដុល្លារដល់ហ្វីលីពីន ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងបង្កើនទំនាក់ទំនងជាមួយទីក្រុងម៉ានីល។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានស្ថិតនៅក្នុងទីក្រុងម៉ានីលជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក ដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងទីក្រុងប៉េកាំង។
លោក Blinken បានប្រាប់សន្និសីទសារព័ត៌មានរួមថា ឥឡូវនេះ យើងកំពុងបែងចែកថវិកាចំនួន ៥០០លានដុល្លារបន្ថែមទៀត នៅក្នុងហិរញ្ញប្បទានយោធាបរទេសដល់ហ្វីលីពីន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយសម្ព័ន្ធមិត្តវ័យជំចាស់របស់យើងនៅក្នុងតំបន់នេះ។

លោក Blinken បន្ថែមថា វាជាការវិនិយោគជួយធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធ និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន។ មូលនិធិនេះ គឺជាផ្នែកមួយនៃហិរញ្ញប្បទានយោធាបរទេសទំហំ ២ពាន់លានដុល្លារ ដែលត្រូវបានសហរដ្ឋអាមេរិកអនុម័តក្នុងខែមេសាកន្លងទៅ។
រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro ក៏បាននិយាយដែរថា មូលនិធិរបស់អាមេរិកនេះ នឹងត្រូវប្រើដើម្បីជួយធានាជំហររារាំងដ៏គួរឱ្យទុកចិត្តរបស់ហ្វីលីពីន ខណៈដែលខ្លួនស្វែងរកការបង្កើនសមត្ថភាពសន្តិសុខតាមអ៊ីនធឺណិត ក្នុងចំណោមវិស័យផ្សេងៗទៀត។

លោក Blinken និង លោក Austin មុននេះ បានជួបជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos ដែលបានប្រកាន់ជំហររឹងមាំប្រឆាំងនឹងសកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូង មុនពេលធ្វើកិច្ចចរចា “2+2” ជាមួយសមភាគីហ្វីលីពីនរបស់ពួកគេ គឺលោក Enrique Manalo និង លោក Gilberto Teodoro។
ដំណើរទស្សនកិច្ចកម្រិតខ្ពស់ចុងក្រោយបំផុតរបស់មន្រ្តីជាន់ខ្ពស់អាមេរិកនេះ ធ្វើឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងរវាងនាវាហ្វីលីពីន និងចិន នៅក្នុងតំបន់ដែនទឹកមានជម្លោះ ដែលនាំឱ្យមានការព្រួយបារម្ភថា ទីក្រុងវ៉ាស៊ីនតោនអាចត្រូវបានអូសចូលទៅក្នុងជម្លោះនេះដែរ ដោយសារតែសន្ធិសញ្ញាការពារទៅវិញទៅមកជាមួយទីក្រុងម៉ានីល៕


ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា