ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពលើសេចក្តីព្រាងច្បាប់ ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស

(ភ្នំពេញ)៖ ព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពលើសេចក្តី​ព្រាងច្បាប់​ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម​នៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសម័យប្រជុំព្រឹទ្ធ​សភាជាវិសាមញ្ញ នីតិកាលទី៥ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានឱ្យដឹងថា នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ព្រឹទ្ធសភា បានបើកសម័យប្រជុំវិសាមញ្ញ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៦រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ​អនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការ​ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ។ អង្គប្រជុំព្រឹទ្ធសភាបាន​អនុម័ត​យល់ព្រមលើរបៀបវារៈ ដោយទទួលបាន ៥៦សំឡេង ។

កម្ពុជា រំពឹងថា បន្ទាប់ពីការចូលជាធរមាន ច្បាប់នេះ នឹងផ្តល់ឱ្យកម្ពុជាយើង​នូវក្របខ័ណ្ឌ ច្បាប់ដ៏រឹងមាំដែលគាំទ្រដល់ការអភិវឌ្ឍវិស័យ​អាកាសចរណ៍​របស់ខ្លួន ហើយក៏នឹងជំរុញកំណើន សេដ្ឋកិច្ចតាមរយៈទេសចរណ៍ ពាណិជ្ជ​កម្ម និងធានាការការពារសិទ្ធិអ្នកដំណើរតាមផ្លូវអាកាស ដែលរួមចំណែកដល់​វឌ្ឍនភាព និងយុត្តិធម៌សង្គម ព្រមទាំងការធ្វើសមាហរណកម្មកម្ពុជាទៅក្នុង តំបន់និងពិភពលោកផង។

តាមរយៈសេចក្តីសន្និដ្ឋានរួមរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា និងការពិភាក្សាផ្តល់យោបល់នៅក្នុងកិច្ច ប្រជុំវិសាមញ្ញ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីត៌កាល ទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការជំរុញដំណើរ សេដ្ឋកិច្ចកម្ពុជា ឱ្យឆ្ពោះទៅមុខដោយល្បឿនលឿន។

ការអនុម័តសេចក្តីព្រាងច្បាប់នេះ ក៏ជាការវិនិយោគដើម្បី​អនាគត​សំដៅ​ឈាន​ទៅ​សម្រេច បាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះ​រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិលស្ថិតនៅក្នុងបញ្ចកោណទី២ (ការធ្វើ​ពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង) និងមុំទី២ (ការលើក​កម្ពស់ការតភ្ជាប់និងការបង្កើនប្រសិទ្ធភាពលើវិស័យដឹកជញ្ជូន ឡូជីស្លឹក វិស័យ ថាមពល វិស័យទឹកស្អាត និងវិស័យឌីជីថល)។

ក្រោយពីសមាជិកព្រឹទ្ធសភាបានឡើងមានយោបល់ និងលើកជាសំណួររួចមក ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាសចរស៊ីវិល បានឆ្លើយបំភ្លឺ ជូនអង្គប្រជុំព្រឹទ្ធសភា។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើ​សេចក្តីព្រាងច្បាប់ ទាំងមូលដោយឥតកែប្រែចំនួន ៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

មុននឹងបញ្ចប់អង្គប្រជុំ សម្តេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា រួមជាមួយនឹង​សមាជិក សមាជិកាព្រឹទ្ធសភា ដែលមានវត្តមានទាំងអស់ បានយកឱកាសនេះ ចូលរួម រំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះអាឡោះអាល័យ​ស្ទើររក​ទីបំផុតគ្មាន ជាមួយនឹង រាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាព​របស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា យោធិនអាកាសយានិក​នៃកងយុទ្ធពល​ខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់កន្លងមកនេះ។

ជាមួយគ្នានេះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់​អាវុធគ្រប់ប្រភេទ និងថ្នាក់ ដឹកនាំ និងមន្ត្រីខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំង​ប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់ អស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការស្វែង រកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំងពីររូប។ នេះជាសក្ខីភាពអំពី​ការយកចិត្តទុ ខ្ពស់បំផុត ជាមួយនឹងស្មារតីសាមគ្គីភាព​នៃប្រជាជាតិយើង​ក្នុងការដោះស្រាយ ឧបទ្ទវហេតុ ដែលកើត មានឡើង ទោះក្នុងកាលៈ​ទេសៈណាក៏ដោយ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner