សម្តេចតេជោថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំងពីររូប

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ អគ្គបញ្ជាការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងថ្នាក់ដឹកនាំ និងមន្ត្រីខេត្តពាក់ព័ន្ធទាំងអស់ ព្រមទាំងប្រជាពលរដ្ឋកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់អស់ពីកម្លាំងកាយចិត្ត ប្រឹងប្រែងពុះពារគ្រប់ឧបសគ្គ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការស្វែងរកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកទាំងពីររូប។ នេះជាសក្ខីភាពអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងស្មារតីសាមគ្គីភាពនៃប្រជាជាតិយើងក្នុងការដោះស្រាយឧបទ្ទវហេតុដែលកើតមានឡើង ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សម្តេចតេជោ ក្នុងនាម ប្រធានព្រឹទ្ធសភា រួមជាមួយនឹងសមាជិក សមាជិកាព្រឹទ្ធសភា ដែលមានវត្តមានទាំងអស់ បានយកឱកាសនេះ ចូលរួមរំលែកទុក្ខ និងសម្តែងនូវការស្ដាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយនឹងរាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្លា យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់កន្លងមកនេះ។

សាកសពអាកាសយានិកដែលរកឃើញទាំងពីរនាក់មានដូចជា ៖ ១. លោក ខេង ឆៃយុទ្ធ ជាអាកាសយានិក រកឃើញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ២. លោក ស៊ុន ផ្លា ជាប្រធានក្រុម។ អាកាសយានិកទាំងពីរបានបាត់ខ្លួនជាមួយនឹងឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិសាត់។

បន្ទាប់ពីបាត់ការទាក់ទងអស់រយៈពេល ១៨ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រតិបត្តិការរុករកបានប្រទះឃើញឧទ្ធម្ភាគចក្រ និងសាកសពអាកាសយានិកទាំងពីរនាក់ ដែលបានបាត់ដំណឹងនៅចំណុចភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៕
ដោយ៖ពលជ័យ

ads banner