អនាគតប្រធានាធិបតីឥណ្ឌូនេស៊ីថា រុស្ស៊ីជាមិត្តដ៏អស្ចារ្យ

មូស្គូ៖ ប្រធានាធិបតីទើបជាប់ឆ្នោត របស់ប្រទេសឥណ្ឌូនេស៊ី ប៉ុន្តែ មិនទាន់កាន់តំណែងផ្លូវការ លោក Prabowo Subianto បាននិយាយថា រុស្ស៊ីគឺជាមិត្តដ៏អស្ចារ្យ អំឡុងពេលជួបជាមួយលោកប្រធានាធិបតី ពូទីន នៅឯទីក្រុងមូស្គូ កាលពីថ្ងៃពុធ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទទួលលោកប្រធានាធិបតី Prabowo Subianto ដែលក៏ជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីផងដែរនោះ ដោយបានពិភាក្សាអំពីកិច្ចព្រមព្រៀង ស្តីពីតំបន់ពាណិជ្ជកម្មសេរី រវាងសហគមន៍សេដ្ឋកិច្ចអឺរ៉ាស៊ី និងឥណ្ឌូណេស៊ី ពោលគឺក្នុងពេលដែលលោក Subianto បំពេញទស្សនកិច្ច នៅរុស្ស៊ី។

លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ នឹងដើរតួជាវិជ្ជមាន និងគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ រុស្ស៊ី និងឥណ្ឌូនេស៊ី។

រីឯ លោក Prabowo Subianto បានថ្លែងចាត់ទុករុស្ស៊ីជា «មិត្តដ៏អស្ចារ្យ»។ គួរឲ្យដឹងដែរថា លោក Subianto បានឈ្នះការបោះឆ្នោតប្រធានាធិបតី កាលពីខែកុម្ភៈ ហើយគ្រោងនឹងចូលកាន់តំណែង នៅខែតុលា។ ឥឡូវនេះ លោកនៅតែកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិ ខណៈដែលលោក Joko Widodo នៅតែជាប្រធានាធិបតីស្តីទី របស់ឥណ្ឌូនេស៊ី នេះបើតាមសារព័ត៌មាន Tass។ បើតាមប្រភពដដែល នៅពេលនោះ លោក ពូទីន បានគូសរំលេចដែរថា លោក Subianto គឺជាមិត្តដ៏យូរលង់ របស់រុស្ស៊ី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner