៦ខែ ធនាគារ HSBC ចំណេញជាង ២១ពាន់លានដុល្លារ
ហុងកុង៖ ឆមាសទីមួយ ឆ្នាំ ២០២៤ ប្រាក់ចំណេញរបស់ធនាគារ HSBC ធ្លាក់ចុះបន្តិចប៉ុណ្ណោះ បើធៀបនឹងតួលេខខ្ពស់បំផុតដល់កំណត់ត្រាកាលពីឆ្នាំមុន។
ធនាគារ HSBC បាននិយាយថា ប្រាក់ចំណេញមុនបង់ពន្ធរបស់ខ្លួន នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ ទទួលបានចំនួន ២១.៦ពាន់លានដុល្លារ ធ្លាក់ចុះបន្តិច បើធៀបនឹងតួលេខកាលពីឆ្នាំមុន។
ធនាគារ HSBC រកបានប្រាក់ចំណូលភាគច្រើនរបស់ខ្លួន គឺនៅក្នុងទ្វីបអាស៊ី ហើយបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការជំរុញវាយលុកតំបន់នេះ ដោយប្តេជ្ញាថា នឹងអភិវឌ្ឍអាជីវកម្មទ្រព្យសម្បត្តិរបស់ខ្លួន និងកំណត់គោលដៅទីផ្សារដែលរីកចម្រើនយ៉ាងឆាប់រហ័ស។
នាយកប្រតិបត្តិធនាគារ HSBC លោក Noel Quinn បាននិយាយថា បន្ទាប់ពីទទួលបានប្រាក់ចំណេញក្នុងកំណត់ត្រានៅឆ្នាំ ២០២៣ យើងក៏មានប្រាក់ចំណេញដ៏រឹងមាំមួយផ្សេងទៀតនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៤ផងដែរ ជាភស្តុតាងបថ្ហាញថា យុទ្ធសាស្រ្តរបស់យើងកំពុងដំណើរការរលូន។
ទោះបីជាយ៉ាងណា លោក Quinn បានកត់សម្គាល់ថា នៅពេលយើងមើលទៅខាងមុខ ផ្លូវនៃអត្រាការប្រាក់ និងលទ្ធផលនៃការបោះឆ្នោត គឺស្ថិតក្នុងចំណោមកត្តាដែលនឹងកំណត់បរិយាកាសប្រតិបត្តិការសកល៕


ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា