សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា
(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីបើក «វេទិកាសហគ្រិនឆ្នើម និង ពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។
សម្តេចធិបតី បានអបអរសាទរ និងកោតសរសើរចំពោះសហគ្រិនស្ត្រីគ្រប់រូប សម្រាប់កិច្ចខិតខំប្រឹងប្រែង ភាពជោគជ័យ និងការរួមចំណែកដល់ប្រទេសជាតិ ក៏ដូចជាតំបន់អាស៊ានទាំងមូល ដែលព្រឹត្តិការណ៍ក្នុងថ្ងៃនេះ គឺជាភស្តុតាងមិនអាចប្រកែកបាន នៃស្មារតីអង់អាចរបស់ស្ត្រីអាស៊ាន ដែលហ៊ានជម្នះឧបសគ្គ មានមហិច្ឆតា និងហ៊ានដឹកនាំ ហើយបានដើរតួនាទីយ៉ាងសំខាន់ ជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក ដោយបានរួមចំណែកដល់ការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមរយៈវេទិកាតំបន់ និងអន្តរជាតិ ជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន ។

សម្តេច បញ្ជាក់ថា ស្ត្រីគឺជាបេះដូងនៃគ្រួសារ ជាព្រលឹងនៃសហគមន៍ និងជាវិចារណញ្ញាណនៃប្រជាជាតិ។ ការបីបាច់ថែរក្សារបស់ស្ត្រី ផ្តល់ឱ្យមានតុល្យភាព ប្រាជ្ញាស្មារតីរបស់ស្ត្រី ជួយនាំឱ្យមានការសម្រេចចិត្តដ៏ត្រឹមត្រូវ ហើយភាពជាអ្នកដឹកនាំ ប្រកបដោយការចេះយល់ចិត្តរបស់ស្ត្រី ជំរុញឱ្យមានភាពសុខដុមរមនា ។ ការចូលរួមកាន់តែសកម្មរបស់ស្ត្រី នៅក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិទាំងមូលផងដែរ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា កម្ពុជា តែងទទួលស្គាល់តួនាទីដែលមិនអាចខ្វះបានរបស់ស្ត្រីក្នុងសង្គម និងសេដ្ឋកិច្ច ។ ប្រវត្តិនៃការផ្តោតសំខាន់លើស្ត្រី មិនមែនគ្រាន់តែជារឿងនិទាន ទាក់ទងនឹងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីនោះទេ ប៉ុន្តែក៏ជាប្រវត្តិ នៃជ័យជម្នះផ្នែកសេដ្ឋកិច្ចផងដែរ ។ ភស្តុតាងជាច្រើនទសវត្សរ៍ បានបង្ហាញយ៉ាងច្បាស់ថា សមភាពយេនឌ័រ មិនមែនគ្រាន់តែជាបញ្ហានៃយុត្តិធម៌សង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ជាជន្ទល់រឹងមាំ ដែលបានជួយជំរុញកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាផងដែរ ។ នៅពេលមានការលើកស្ទួយស្ត្រី ធុរកិច្ចមានការកើនឡើង ហើយប្រទេសជាតិក៏នឹងរីកចម្រើន ។

ការប្តេជ្ញាចិត្តរបស់កម្ពុជា បានស្តែងឡើងតាមរយៈគំនិតផ្តួចផ្តើមនានា ដែលគាំទ្រដល់សហគ្រិនស្ត្រី ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជាដោយមានក្រសួងកិច្ចការនារីជាសេនាធិការ បាន និងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកសាងបរិយាកាសគាំទ្រដល់សហគ្រិនស្ត្រី តាមរយៈការសម្រួលដល់ការបង្កើតបណ្តាញស្ត្រី ដូចជា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហព័ន្ធស្ត្រីអ្នកជំនួញកម្ពុជា (CWBF) ព្រមទាំង មជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ត្រី ដើម្បីផ្តល់ការបណ្តុះបណ្តាលផ្នែកធុរកិច្ចដែលចាំបាច់ និងការអភិវឌ្ឍជំនាញដល់ស្ត្រី និងសហគ្រិនស្ត្រី ។
សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ បណ្តាញសហគ្រិនស្ត្រីអាស៊ាន(AWEN) និងបណ្តាញសហគ្រិនស្ត្រីនៅកម្ពុជា (CamWEN) ក្នុងការរៀបចំព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលជាវេទិកាប្រកបដោយឧត្តមភាពសម្រាប់ស្ត្រីទាំងឡាយ ដើម្បីបង្ហាញសមត្ថភាពលេចធ្លោរបស់ខ្លួន និងផ្តល់ជាគំរូដល់សង្គម និងចំពោះក្រសួងកិច្ចការនារី ចំពោះការយកចិត្តទុកដាក់ ក្នុងការពង្រឹងភាពអង់អាច ដល់សហគ្រិនស្ត្រីកម្ពុជា ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ