សម្ដេចតេជោ ហ៊ុន សែន ៖ បំណងកម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ា រងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជា បានឆ្លងកាត់រួចមកហើយ
(ភ្នំពេញ)៖ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម យូ កូ កូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានថ្លែងថា កម្ពុជា មិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជា បានឆ្លងកាត់រួចមកហើយ ។
ឯកឧត្តម U Ko Ko Hlaing បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ជាន់ខ្ពស់ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា ជូនចំពោះសម្ដេចតេជោ និងបានអរគុណចំពោះកម្ពុជា ដែលគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន ។ កម្ពុជា និងមីយ៉ាន់ម៉ា ពិតជាមានទំនាក់ទំនងមិត្តភាពអស់រយៈកាលជាច្រើនទសវត្សរ៍មកហើយ។ ឯកឧត្តមចាត់ទុកសម្ដេចតេជោ ជារដ្ឋបុរសដែលចាស់ទុំជាងគេ ពោរពេញទៅដោយបទពិសោធន៍ នៅក្នុងអាស៊ាន ។

ឯកឧត្តមបានជម្រាបជូនសម្ដេច អំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដូចជាសភាពការណ៍យោធា ការរៀបចំការបោះឆ្នោត ភាពជឿនលឿន នៃវិស័យការទូតរបស់មីយ៉ាន់ម៉ា ជាពិសេសក្នុងវេទិកាអាស៊ាន និងវេទិកាតំបន់ដែលមីយ៉ាន់ម៉ាបានចូលរួម ។
ឯកឧត្តមបានបញ្ជាក់ថា មីយ៉ាន់ម៉ា បានសហការយ៉ាងល្អជាមួយមជ្ឈមណ្ឌលអាស៊ាន AHA និង បានទទួលជំនួយពីកម្ពុជា នៅក្នុងអំឡុងពេលេជំងឺកូវីដ១៩ និង គ្រោះធម្មជាតិខ្យល់ព្យុះ។ ឯកឧត្តមក៏បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះជំនួយទ្វេភាគី និង ការគាំទ្រមីយ៉ាន់ម៉ាក្នុងវេទិកាអាស៊ាន ដោយឯកឧត្តមចាត់ទុកថាបើគ្មានការគាំទ្រពីភាគីកម្ពុជានោះទេ នោះអាស៊ានពុំមានកុងសង់ស៊ីស នៅក្នុងបញ្ហាមីយ៉ាន់ម៉ានោះឡើយនៅក្នុងកិច្ចប្រជុំនៅឥណ្ឌូនេស៊ីនាឆ្នាំ២០២១ ។

ឯកឧត្តម លើកឡើងថា មីយ៉ាន់ម៉ានឹងរៀបចំការបោះឆ្នោតដោយបានត្រឹមត្រូវ សេរី និងយុត្តិធម៌ ដើម្បីប្រែក្លាយមីយ៉ាន់ម៉ាឱ្យមានប្រជាធិបតេយ្យដោយការទទួលខុសត្រូវ ។ ឯកឧត្តម សង្ឃឹមថា ក្រោយការបោះឆ្នោតខាងមុខ ស្ថានភាពមីយ៉ាន់ម៉ា នឹងប្រសើរឡើង ហើយប្រទេសទាំងពីរ នឹងពង្រឹងនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀត ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅថ្ងៃទី៥ សីហាខាងមុខនេះ កម្ពុជា នឹងបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០គីឡូម៉ែត្រភ្ជាប់ពីទន្លេបាសាក់ទៅកាន់សមុទ្រ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ។

សម្តេចតេជោ បានអរគុណ ឯកឧត្តម U Ko Ko Hlaing ដែលបានជម្រាបជូនសម្ដេចពីសភាពការណ៍ថ្មីៗនៅមីយ៉ាន់ម៉ា ហើយសម្តេចតេជោ បានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការដោះស្រាយវិបត្តិនយោបាយនាពេលកន្លងមក ក្នុងការបញ្ចប់សង្គ្រាម ការចរចានានា ដែលឈានដល់ការទទួលបាននូវសុខសន្តិភាពមកដល់សព្វថ្ងៃនេះ។
សម្ដេចបានសង្កត់ធ្ងន់ថា ការរកដំណោះស្រាយបញ្ចប់សង្គ្រាម ទាមទារឱ្យមានការចូលរួមពីភាគីទាំងអស់ ជាក់ស្តែង យើងមិនអាចចោលភាគីពាក់ព័ន្ធណាមួយឡើយ ទោះបីជាយើងមិនចង់ចរចាជាមួយក៏ដោយ ដូចករណីភាគីខ្មែរក្រហម នៅទសវត្សរ៍ឆ្នាំ១៩៨០និង ឆ្នាំ១៩៩០។ សម្ដេចតេជោក៏បានស្នើសុំឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ពិចារណាលើសកម្មភាពទាំងអស់ ទាំងយោធា ទាំងនយោបាយ និងការទូត ដើម្បីស្វែងរកសន្តិភាពដោយមិនបោះបង់ចោលភាគីណាមួយ ។

នៅក្នុងវេទិកាអាស៊ាន សម្ដេចសូមឱ្យភាគីមីយ៉ាន់ម៉ាគិតគូរឱ្យបានហ្មត់ចត់ក្នុងការបន្តបញ្ជូនតំណាងមិនមែននយោបាយរបស់ខ្លួន មកចូលរួមកិច្ចប្រជុំនានារបស់អាស៊ាន ចៀសវាងកុំឱ្យកៅអីនៅទំនេរ ។ មីយ៉ាន់ម៉ាត្រូវរក្សាការចូលរួមវេទិកាដទៃទៀតដែលភាគីមីយ៉ាន់ម៉ាជាសមាជិក និងកំពុងមានតំណាងនៅទីនោះ ដោយត្រូវការពារនិងធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្ដាប្រទេសនានា ដែលមីយ៉ាន់ម៉ាមានទំនាក់ទំនងជាមួយ។
សម្តេចតេជោ បានអរគុណដល់ មីយ៉ាន់ម៉ា ដែលបានផ្តល់ការទុកចិត្តមកលើកម្ពុជា និងបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ។ សម្ដេចបានគូសបញ្ជាក់ថា សម្តេចបានចែករំលែកនូវបទពិសោធន៍ដែលកម្ពុជាធ្លាប់មាន ក្នុងកិច្ចខិតខំជួយនិងគាំទ្រមីយ៉ាន់ម៉ារកផ្លូវដោះស្រាយវិបត្តិបច្ចុប្បន្ន។ កម្ពុជាពុំមានផលប្រយោជន៍យុទ្ធសាស្រ្ត នយោបាយ ឬសេដ្ឋកិច្ចអ្វីនោះទេ ចំពោះការប្រឹងប្រែងជួយនេះ ។ បំណងតែមួយគត់របស់កម្ពុជា គឺមិនចង់ឃើញប្រជាជនមីយ៉ាន់ម៉ារងសោកនាដកម្ម និងទុក្ខវេទនាដោយសារសង្រ្គាមអូសបន្លាយ ព្រោះកម្ពុជាបានឆ្លងកាត់រួចមកហើយ ។
សម្ដេចតេជោ បានស្នើឱ្យ ឯកឧត្តមបេសកជនពិសេស ពាំនាំនូវបណ្តាំសួរសុខទុក្ខរបស់សម្តេច ជូនចំពោះ ឯកឧត្តម Min Aung Hlaing និង ជូនពរឱ្យឯកឧត្តមបេសកជនពិសេសមីយ៉ាន់ម៉ា និងគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ