ប្រជាជនអាមេរិកជួលផ្ទះគេជាង ៨៦ភាគរយ ខ្វះលទ្ធភាពទិញផ្ទះ

វ៉ាំស៊ីនតោន៖ ជាង ៨៦ភាគរយនៃពលរដ្ឋរស់នៅក្នុងសហរដ្ឋអាមេរិក ដែលកំពុងជួលផ្ទះគេរស់នៅនាពេលបច្ចុប្បន្ននេះ បាននិយាយថា ពួកគេចង់ទិញផ្ទះផ្ទាល់ខ្លួនណាស់ ប៉ុន្តែមិនមានលទ្ធភាពនោះទេ ជាពិសេស ក្នុងចំណោមពលរដ្ឋអាមេរិកមានវ័យក្មេង។ នេះបើយោងតាមការស្ទង់មតិមួយរបស់សារព័ត៌មាន CNN។

ការស្ទង់មតិនេះបានឱ្យដឹងថា ក្នុងចំណោមអ្នកជួលផ្ទះដែលគ្មានលទ្ធភាពទិញផ្ទះ មាន៥៤ភាគរយ គិតថា ខ្លួនទំនងជាគ្មានលទ្ធភាពទិញផ្ទះឡើយនៅថ្ងៃអនាគត។ ហើយ ៩០ភាគរយនៃអ្នកជួលផ្ទះដែលមានអាយុក្រោម ៤៥ឆ្នាំ បានអះអាងថា ពួកគេចង់ទិញផ្ទះខ្លាំងណាស់ ប៉ុន្តែខ្វះលទ្ធភាព បើធៀបនឹង៧៩ភាគរយនៃពលរដ្ឋដែលមានវ័យចាប់ពី ៤៥ឆ្នាំឡើងទៅ។

លទ្ធផលនៃការស្ទង់មតិនាពេលថ្មីៗនេះ បានឱ្យដឹងទៀតថា ការហក់ឡើងនូវអត្រាការប្រាក់លើកម្ចីទិញផ្ទះ និងការហក់ឡើងនូវតម្លៃផ្ទះ បាននាំឱ្យមានវិបត្តិពលរដ្ឋមិនមានលទ្ធភាពទិញផ្ទះ។ ហើយដោយសារតែផ្ទះផ្ទាល់ខ្លួនត្រូវបានចាត់ទុកជាទ្រព្យដ៏សំខាន់ក្នុងជីវិតនៅសហរដ្ឋអាមេរិក ដូច្នេះបញ្ហានេះនឹងធ្វើឱ្យគម្លាតរីកកាន់តែធំរវាងអ្នកមាន និងអ្នកក្រ។

យោងតាមប្រភពរបស់កាសែតរ៉យទ័រ បានឱ្យដឹងថា ការលក់ផ្ទះលក្ខណៈគ្រួសារនៅក្នុងសហរដ្ឋអាមេរិក បានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេល៧ខែ គិតមកទល់ខែមិថុនាឆ្នាំនេះ ដោយសារអត្រាប្រាក់កម្ចីទិញផ្ទះខ្ពស់ និងតម្លៃផ្ទះខ្ពស់ហួសពីតម្រូវការ។

ការិយាល័យជំរឿនរបស់នាយកដ្ឋានពាណិជ្ជកម្មអាមេរិក បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការលក់ផ្ទះថ្មី មានត្រឹម ៦១៧.០០០ខ្នងកាលពីខែមិថុនា ដែលនេះជាកម្រិតទាបបំផុតចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក៕

ប្រភព៖ CNN និង Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner