សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជនបរទេសដែលចូលមកកម្ពុជា តាមច្រកអាកាស​យាន​ដ្ឋានអន្ដរជាតិ អាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិកចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ

(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារ ជាមួយសមាគម​ឧកញ៉ា​ក​ម្ពុជា និងសមាគមអ្នកអភិវឌ្ឍលំនៅឋាន កម្ពុជា នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានប្រកាស​ថា ជនបរទេសដែលធ្វើដំណើរចូលមកប្រទេសកម្ពុជា តាមច្រកអាកាសយានដ្ឋាន​អន្ដរជាតិ​ទាំងអស់ អាចបង់ប្រាក់ថ្លៃទិដ្ឋាការតាមប្រព័ន្ធអេឡិចត្រូនិក ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤តទៅ ដោយមិនចាំបាច់តម្រង់ជួរគ្នា ដើម្បីបង់ជាសាច់​ប្រាក់​ទៀតនោះទេ ។

សម្ដេចធិបតី បានអះអាងថា ការសម្រួលបែបនេះជូនដល់អ្នកដំណើរបរទេស សំដៅ​ដល់ការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា និងកាត់បន្ថយភាពស្មុគស្មាញ។ ការបង់​ថ្លៃសេវាតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺអនុវត្តទាំងការបង់ពន្ធ , ការដាក់​ពាក្យ​ស្នើសុំទិដ្ឋាការ នៅពេលមកដល់ និងទិដ្ឋាការដែលបានស្នើសុំរួចនៅតាមស្ថានទូត ឬកុងស៊ុលនៅក្រៅប្រទេស ។

សម្ដេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា សម្ដេចបាន​សម្របសម្រួល​ការងា​រនេះ ឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំហើយ ដោយចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤តទៅ នៅព្រលានយន្ដហោះយើងទាំង៣ ទាំងការបង់ពន្ធ ការដាក់​ពាក្យសុំវីសា On-Arrival និងវីសានៅខាងក្រៅដែលធ្វើរួចហើយ គឺប្រើ​អេឡិចត្រូនិកទាំងអស់ អ៊ីចឹងទាំងភ្ញៀវទេសចរ និងអ្នកមកដល់មិនចាំបាច់​ប្រើ​សាច់ប្រាក់ទៀតទេ ។

ទាក់ទិនការស្នើសុំទិដ្ឋាការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កន្លងទៅរបៀបនៃការស្នើសុំទិដ្ឋាការត្រូវបានអនុវត្តតាមពីររបៀបផ្សេងគ្នា ក្នុងនោះ​រួមមាន ទី១៖ ស្នើសុំនៅតាមស្ថានទូត ឬអគ្គកុងស៊ុលនៅក្រៅប្រទេស ដែលត្រូវ​បំពេញ​នៅលើទម្រង់ក្រដាសដោយផ្ទាល់ និងទី២៖ ស្នើសុំទិដ្ឋាការនៅពេលមកដល់ ឬ On-Arrival ហើយត្រូវតម្រង់ជួរដើម្បីបង់លុយតាមក្រោយ ទាំងអន្ដោប្រវេសន៍ គយ និងសុខាភិបាល ប៉ុន្ដែនៅពេលនេះបានឯកភាពគ្នារៀបចំជាប្រព័ន្ធ​អេឡិច​ត្រូនិក​ទាំងអស់ មិនចាំបាច់បំពេញលើក្រដាសទៀតឡើយ។

សម្ដេចធិបតី បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរក្រសួងមហាផ្ទៃ អគ្គនាយក​ដ្ឋាន​អន្ដោប្រវេសន៍ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក្រសួងសុខាភិបាល ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលបានដាក់ឲ្យអនុវត្តនូវការស្នើសុំទិដ្ឋាការ​តាមអនឡាញ និងការបង់លុយតាមអនឡាញបានជាច្រើន។ ប្រព័ន្ធនៃការគ្រប់​គ្រង​នេះ គឺរៀបចំដោយកូនខ្មែរតែម្ដង មិនមែនកម្មវិធីដែលរៀបចំដោយបរទេសនោះទេ ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឲ្យអ្នកដែលពាក់ព័ន្ធទាំងអស់ ពិសេសនៅច្រក​ទ្វារ​ព្រលាន​យន្ដហោះតែម្ដង ត្រូវតែធ្វើបដិសណ្ឋារកិច្ចចំពោះអ្នកធ្វើដំណើរ​ចូល​មក​ប្រទេសកម្ពុជាឲ្យបានល្អ ព្រោះការធ្វើបដិសណ្ឋារកិច្ចល្អ គឺជាមធ្យោបាយគន្លឹះ​ក្នុងការ​ទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនថែមទៀតផងដែរ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner