រញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ នៅហ្វីលីពីន

ម៉ានីល៖ នៅថ្ងៃសៅរ៍នេះ មានករណីគ្រោះរញ្ជួយដី កម្រិត៦.៨រ៉ិចទ័រ វាយប្រហារកោះ មីនដាណាវ (Mindanao) ប្រទេសហ្វីលីពីន នេះបើយោងតាមប្រព័ន្ធព្រមានរលកយក្សស៊ូណាមិ របស់សហរដ្ឋអាមេរិក ហៅកាត់ថា USGS និង ទីភ្នាក់ងាររញ្ជួយដី ហ្វីលីពីន។

ប្រភពបានបញ្ជាក់ថា ការរញ្ជួយបានវាយប្រហារ នៅឆ្នេរសមុទ្រភាគខាងត្បូង ប្រទេស ប៉ុន្តែ មិនមានការព្រមានអំពីរលកយក្សស៊ូណាមិ នោះទេ ហើយមិនមានរបាយការណ៍ភ្លាមៗ អំពីការខូចខាតនោះដែរ។

ប្រព័ន្ធ USGS បានបញ្ជាក់ថា ការរញ្ជួយដី បានវាយប្រហារ នៅមុនម៉ោង ៦៖៣០ ព្រឹក ក្នុងជម្រៅប្រមាណ ២០គីឡូម៉ែត្រ ផ្តើមចេញពីភូមិ Barcelona នៅភាគខាងកើតកោះ Mindanao ។ មានសេចក្តីរាយការណ៍ថា មនុស្សជាច្រើននាក់ កំពុងដេកលក់ នៅពេលដែលមានការរញ្ជួយខ្លាំង ធ្វើឱ្យពួកគេខ្លះ ធ្លាក់ពីលើគ្រែ។

ប្រទេស ហ្វីលីពីន កើតមានគ្រោះរញ្ជួយដី ញឹកញាប់ ព្រោះស្ថិតនៅតាមបណ្តោយខ្សែក្រវាត់ភ្លើង ប៉ាស៊ីហ្វិក ដែលមានសកម្មភាពភ្នំភ្លើងខ្លាំង ជាខ្សែក្រវាត់ដែលលាតសន្ធឹងចេញពីប្រទេសជប៉ុន ឆ្លងកាត់ អាស៊ីអាគ្នេយ៍។ កាលពីខែធ្នូ ការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ បានវាយប្រហារលើកោះ Mindanao រយៈពេលខ្លីដែរ បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner