ក្រុមហ៊ុនជីប ម៉ុង ចែករំលែកបទពិសោធន៍ ដល់និស្សិតអាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី ១ និងជំនាន់ទី ២
ភ្នំពេញ៖ និស្សិតអាហារូបករណ៍ ជីប ម៉ុង ជំនាន់ទី ១ និងជំនាន់ទី ២ បានចូលរួមវគ្គបណ្តុះបណ្តាលអាកប្បកិរិយា និងការគិតបែបវិជ្ជមាន ( Positive Mental Attitude Training) ដែលធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើនគំនិតវិជ្ជមាន និងប្រើប្រាស់ចំណេះដឹងនេះក្នុងការអភិវឌ្ឍន៍ការសិក្សា និងអាជីពរបស់ពួកគេឲ្យកាន់តែរីកចម្រើន។
បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាល និស្សិត គឹម គិនបញ្ញាទារិកា បានបញ្ចេញមតិថាមជ្ឍដ្ឋានជុំវិញខ្លួនយើងអាចជះឥទ្ធិពលមកលើការគិតរបស់យើង ប៉ុន្តែដើម្បីរក្សាបាននូវគំនិតវិជ្ជមាន យើងត្រូវស្គាល់ពីខ្លួនឯងឲ្យបានច្បាស់ទាំងចំណុចខ្លាំង និងចំណុចខ្សោយ នោះទើបយើងអាចកំណត់គោលដៅជីវិតដ៏ជាក់លាក់មួយ និងទទួលបានភាពជោគជ័យក្នុងជីវិត។
“ខ្ញុំយល់ឃើញថា វិធីដែលអាចដោះស្រាយនូវបញ្ហា គឺយើងត្រូវចេះប្រឈមមុខដោះស្រាយវាបន្តិចម្តងៗ និងព្រមទទួលយកការពិត មិនមែនការរត់គេចវេសពីបញ្ហានោះឡើយ។” យោបល់របស់និស្សិត កាំង វិនហុង។
ចំនែកឯនិស្សិត ហ៊ែល សួនលៀង ក៏បានលើកឡើងដែរថា៖“សម្រាប់ខ្ញុំផ្ទាល់ គន្លឹះក្នុងការធ្វើឲ្យយើងមានអាកប្បកិរិយា និងការគិតបែបវិជ្ជមានមានដូចជាការហាត់ប្រាណឲ្យបានទៀងទាត់ ការមានវិន័យផ្ទាល់ខ្លួនល្អ និងការផ្លាស់ប្តូរនូវទម្លាប់មិនល្អ។”
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ជីប ម៉ុង តែងតែបង្កើតកម្មវិធីអប់រំនានាដើម្បីបង្កើនសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់និស្សិតអាហារូបករណ៍របស់ ជីប ម៉ុង ទាំងពីរជំនាន់ដែលជាអនាគតធនធានមនុស្សក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន តួយ៉ាងដូចជាវគ្គបណ្តុះបណ្តាលអាកប្បកិរិយា និងការគិតបែបវិជ្ជមាន នេះជាដើម។




