ក្រុមវិទ្យាល័យច្បារអំពៅ ឡើងទៅឈរលេខ២បណ្តោះអាសន្ន នៅក្នុងតារាងខណៈដែលកីឡាករ សួន សុភ័ក្ត្រារកបាន៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតបាល់ទាត់សិស្សវិទ្យាល័យ លើកទី១ ក្នុងសប្តាហ៍ទី៣
ក្រុមវិទ្យាល័យច្បារអំពៅ ឡើងទៅឈរលេខ២បណ្តោះអាសន្ន នៅក្នុងតារាងខណៈដែលកីឡាករ សួន សុភ័ក្ត្រារកបាន៣គ្រាប់ម្នាក់ឯង ដោយយកឈ្នះ វិទ្យាល័យហ៊ុនសែនចាក់អង្រែ ក្នុងលទ្ធផល ៥ទល់០ រីឯមួយប្រកួតទៀតវិទ្យាល័យព្រះស៊ីសុវត្តិ បានចាញ់ សាលារៀនវេស្ទឡាញន៍ លទ្ធផល ២ទល់១ ក្នុងសប្តាហ៍ទី៣ នៃការប្រកួតបាល់ទាត់ជ្រើសរើស ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។
ចំពោះដំណើរការ នៃការប្រកួតនឹងរៀបចំឲ្យមានការប្រកួត ក្នុងដី និងក្រៅដី សម្រាប់ថ្ងៃស្អែកមាន២ប្រកួត ក្រុមវិទ្យាល័យ ជាស៊ីសាមគ្គី ត្រូវប៉ះ វិទ្យាល័យ បឹងត្របែក នៅទីលានវិទ្យាល័យច្បាអំពៅ រីឯ១ប្រកួតទៀត វិទ្យាយល័យ ឬស្សីកែវ ប៉ះ វិទ្យាល័យហ៊ុនសែនភ្នំពេញថ្មីនៅទីលានវិទ្យាល័យបឹងត្របែក ចាប់ពីម៉ោង ១៥:៣០នាទីតទៅ។
ដោយមានការអនុញ្ញាត និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡាសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមកិច្ចសហការរវាងសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានាទាំងគ្រឹះស្ថានអប់រំចំណេះទូទៅរដ្ឋនិងឯកជន ។
បើតាមការបញ្ជាក់ពីគណៈកម្មការបច្ចេកទេសរៀបចំការប្រកួត បានអោយដឹងថា ការប្រកួតនេះគឺប្រើរូបមន្តវិលជុំសន្សំពន្ទុរ ដោយមានការប្រកួត ក្នុងដី និងក្រៅដី ហើយក្រុមដែលមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាក្រុមជើងឯកដោយទទួលបានប្រាក់រង្វាន់រហូតដល់ ៦០លានរៀល ក្រុមជើងឯករងទទួលបានប្រាក់រង្វាន់ ៤០លានរៀល និងក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ ២០លានរៀល ។
គូសបញ្ជាក់ថា ចំពោះរដូវកាលលើកទី១ នេះមានក្រុមមកពីគ្រឹះស្ថានចំណេះទូទៅរដ្ឋ និងឯកជន សរុបចំនួន៩ក្រុម ដែលត្រូវធ្វើការប្រកួតចាប់ពីថ្ងៃទី៦ ខែមិថុនា ដល់ពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០១៩។ ដោយការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុន ភេសជ្ជៈ POCARISWEAT ៕






