គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានអញ្ជើញដល់ព្រះរាជាណាចក្រថៃ ដោយសុវត្ថិភាព

អត្ថបទដោយ៖
Kien Sereyvuth

នៅវេលាម៉ោង១១:០០នាទី ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា បានអញ្ជើញដល់ព្រះរាជាណាចក្រថៃ ដោយសុវត្ថិភាព នៅក្នុងដំណើរអញ្ជើញចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងសមាគមប្រជាជាតិ អាស៊ី-អាគ្នេយ៍(អាស៊ាន) និងអន្តរសភាអាស៊ាន(អាយប៉ា) ដែលជាជំនួបកំពូលរវាងប្រធានអាស៊ាន និងប្រធានអាយប៉ា នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ រយៈពេលបីថ្ងៃ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់ឯកឧត្តម ឆួន លីគប៉ៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។

រដ្ឋសភានៃព្រះរាជាណាចក្រថៃ បានទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ នាទីក្រុងបាងកក។ នាឱកាសនោះមាន ឯកឧត្តម សូឆាត តាន់ឆារឿន (Suchart Tancharoen) អនុប្រធានទី១ នៃរដ្ឋសភាថៃ រួមទាំងឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងមន្រ្តីស្ថានទូតកម្ពុជាជាច្រើនផងដែរ។

តាមកម្មវិធីនៃកិច្ចប្រជុំនាថ្ងៃស្អែកទី២១នេះ គណៈប្រតិភូសភាកម្ពុជា នឹងចូលរួមកិច្ចប្រជុំត្រៀម ក្រោមអធិបតីភាពឯកឧត្តម ឆួន លីគប៉ៃ ប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) ដើម្បីនាំនូវធាតុចូល ដែលជាទស្សនៈ និងអនុសាសន៍នានាពាក់ព័ន្ធសរសរស្តម្ភទាំង៣ របស់អាស៊ាន និងយន្តការគន្លឹះសំខាន់មួយៗមួយចំនួនទៀត ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការ អាយប៉ា និងអាស៊ាន ក្នុងគោលបំណងយ៉ាងសំខាន់ សំដៅធ្វើឲ្យស្ថាប័នទាំងពីរនេះ កាន់តែមានសមាហរណកម្មជិតស្និទ្ធជាមួយគ្នា និងមានប្រសិទ្ធភាព ដើម្បីថែរក្សា និងបន្តពូនជ្រុំ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner