ធនាគារជាតិនៃកម្ពុជា បើកវគ្គសុក្រឹតការជំនាន់ទី១៣ ដើម្បីឲ្យមន្រ្តីបុគ្គលិក យល់កាន់តែច្បាស់ ពីក្របខ័ណ្ឌនីតិវិធីការងារ និងភារកិច្ចស្នូលរបស់ធនាគារកណ្តាល
ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញបើកវគ្គ «សុក្រឹតការ» ជំនាន់ទី១៣ កាលពីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីបណ្ដុះបណ្ដាលឱ្យមន្រ្តីបុគ្គលិក ជាសិក្ខាកាម បានយល់ច្បាស់អំពីក្របខ័ណ្ឌ និងនីតិវិធីការងាររបស់ធនាគារជាតិនៃកម្ពុជា ពិសេស អំពីមុខងារភារកិច្ចស្នូលរបស់ធនាគារកណ្តាល ដើម្បីសម្រេចគោលដៅគោលនយោបាយ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើន និងប្រកបដោយបរិយាប័ន្ន។

ឯកឧត្តម ជា ចាន់តូ ថ្លែងថា វគ្គសុក្រឹតការត្រូវបានរៀបចំឡើងជាប្រចាំ ដោយបានធ្វើបច្ចុប្បន្នកម្ម លើកម្មវិធីបណ្តុះបណ្តាល និងការបង្រៀនកាន់តែល្អប្រសើរ និងបានឆ្លើយតបទៅនឹងតម្រូវការ ការងារជាក់ស្តែង ដែលបានវិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ»។ ឯកឧត្តមបានថ្លែងការកោតសរសើរ និងអំណរគុណចំពោះមន្ត្រីបុគ្គលិកធនាគារជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើនជូនធនាគារជាតិនៃ កម្ពុជា ក៏ដូចជាបានរួមចំណែកអភិវឌ្ឍន៍វិស័យធនាគារនៅកម្ពុជា ឱ្យមានការរីកចម្រើនទទួលបានការ គាំទ្រ និងជំនឿទុកចិត្តពីសាធារណជនជាតិ-អន្តរជាតិ ជាលំដាប់រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបញ្ជាក់ថា តួនាទីចម្បងរបស់ធនាគារជាតិនៃកម្ពុជា គឺការអនុវត្តគោលនយោបាយ រូបិយវត្ថុ និងគោលនយោបាយអត្រាប្តូរប្រាក់ ដើម្បីរក្សាស្ថិរភាពថ្លៃ ដែលជាមូលដ្ឋាននៃស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងបង្កបរិកាសអំណោយផលដល់ការវិនិយោគ។ ឯកឧត្តមទេសាភិបាលធនាគារជាតិនៃកម្ពុជា បន្ថែមថា វគ្គសុក្រឹតការជំនាន់ទី១៣នាពេលនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ឱ្យក្មួយៗ បានសិក្សាស្វែងយល់កាន់តែច្បាស់ពីតួនាទីរបស់ធនាគារកណ្តាល ដើម្បីជាមូលដ្ឋានក្នុងអនុវត្តការងារ ប្រកបដោយភាពជោគជ័យ។

ឯកឧត្តមបញ្ជាក់ថា ការបណ្តុះបណ្តាលដែលជោគជ័យទាមទារឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវទាំងគ្រូឧទ្ទេសនាម និងសិក្ខាកាមដោយគ្រូឧទ្ទេសនាម ដែលជា ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមានតួនាទីផ្តល់ចំណេះដឹង ទាំងទ្រឹស្តីការអនុវត្តជាក់ស្តែង និងបទ ពិសោធន៍ការងារដល់ក្មួយៗ រីឯក្មួយៗជាសិក្ខាកាមវិញ មានតួនាទីខិតខំប្រឹងប្រែងរៀនសូត្រ យក ចិត្តទុកដាក់ស្តាប់បទឧទ្ទេសនាម និងត្រូវចេះហ៊ានសួរបញ្ជាក់ នៅពេលដែលមិនសូវយល់ ឬឆ្ងល់ពី ចំណុចណាមួយ៕ធ.ដ

