សិក្ខាសាលាបើកដំណើរការអនុវត្ត និងពិគ្រោះយោបល់ «គម្រោងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទាន ជីវៈចម្រុះ (BIOFIN)»

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ឯកឧត្ដម ទិន ពន្លក អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ ដោយចីរភាព (ក.ជ.អ.ច.) បានអញ្ជើញក្នុងសិក្ខាសាលាបើកដំណើរការអនុវត្ត និងពិគ្រោះយោបល់ «គម្រោងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទាន ជីវៈចម្រុះ (BIOFIN)» ដោយមានការអញ្ជើញចូលរួមពី តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងក្រសួងស្ថាប័ន វិស័យឯកជន  អង្គការពាក់ព័ន្ធ និងនិស្សិតដែលមាន សមាជិកចូលរួមសរុបប្រមាណ១៥០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ដើម្បី៖ ១. ផ្សព្វផ្សាយអំពីគម្រោង BIOFIN ដល់អ្នកទទួលផល និងអ្នកពាក់ព័ន្ធនានា ២. ណែនាំអំពី វិធីសាស្ត្រវាយតម្លៃ របស់គម្រោង BIOFIN ទៅដល់អ្នកពាក់ព័ន្ធ ៣. ពិភាក្សា និងពិគ្រោះយោបល់ជាមួយ អ្នកពាក់ព័ន្ធសំខាន់ ៗ  ដើម្បីរៀបចំផែនការសកម្មភាព និងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងនាពេលខាងមុខ។

ឯកឧត្ដម ទិន ពន្លក បានលើកឡើងពីភាពសំបូរបែបនៃធនធានធម្មជាតិ និងធនធាន ជីវៈចម្រុះក្នុងប្រទេសកម្ពុជា  ដែលបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ និងជួយទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។ ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា ក្រោមកិច្ចខិតខំប្រឹងប្រែង ក្នុងការធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យបរិស្ថាន បានធ្វើឱ្យផ្ទៃដីតំបន់ការពារធម្មជាតិ  និងរបៀងអភិរក្សជីវៈចម្រុះបានកើនឡើងប្រមាណ៤១%នៃផ្ទៃដីប្រទេស ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងតំបន់ទេសភាពឱ្យមាននិរន្តរភាព សំដៅជំរុញការទាញយកចំណូលនា ពេលអនាគត  តាមរយៈការបង្កើនព្រៃស្តុក កាបូន និងការបង្កើតយន្តការនិរន្តរភាព ហិរញ្ញវត្ថុសម្រាប់ជាតិ។

ឯកឧត្ដមមានប្រសាសន៍បន្តទៀតថា  ជាធម្មតាការចំណាយលើការគ្រប់គ្រងធនធាន ធម្មជាតិ តែងតែមានចំនួនច្រើនជាងធនធានដែលយើងមាន ដូច្នេះការអនុវត្តយន្តការ គំនិតផ្ដួចផ្ដើមហិរញ្ញប្បទាន ជីវៈចម្រុះ (BIOFIN) នឹងអាចស្វែងរកវិធីសាស្ត្រដើម្បី បំពេញកង្វះខាត ថវិកា និងផែនការ អនុវត្តមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងធនធាន ធម្មជាតិទាំងនោះ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមអគ្គលេខាធិការលើកឡើងពីគំនិតផ្ដួចផ្ដើមថ្មីមួយ របស់ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន ដែលមាននាយកដ្ឋានជីវៈចម្រុះជាសេនាធិការ ក្នុងការរៀបចំបង្កើតមជ្ឈមណ្ឌលអភិរក្សកេសរកូលព្រៃ នៅ ជើងភ្នំគូលែន ខេត្ត សៀមរាប ។ គំនិតផ្តួចផ្តើមនេះមិនត្រឹមតែអាចជួយអភិរក្ស ប្រភេទកេសរកូលព្រៃរបស់កម្ពុជា ដែលកំពុងរងការគំរាមកំហែងប៉ុណ្ណោះទេ  ថែមទាំងអាចក្លាយជាប្រភពចំណូល ជួយគាំទ្រដល់ការអភិរក្សធនធានធម្មជាតិក្នុងតំបន់  និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន តាមរយៈការកែច្នៃផ្នែកខ្លះ នៃកេសរកូលជាវត្ថុអនុស្សាវរីយ៍ និងលក់ផលិតផលក្នុងស្រុក ជូនភ្ញៀវទេសចរ ។ល៕ ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner