អភិបាលខេត្តបាត់ដំបង៖ ក្រុមប្រឹក្សាក្រុងបាត់ដំបងអាណត្តិថ្មី ត្រូវបំពេញការងារ ឲ្យឆ្លើយតបសេចក្តីត្រូវការសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រកាន់ការរើសអើង និន្នាការនយោបាយ ពណ៌សម្បុរ ជំនឿសាសនា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាតំណាងក្រសួងមហាផ្ទៃ បានជំរុញក្រើនរំលឹកដល់ក្រុមប្រឹក្សាក្រុងទាំងអស់ក្នុងអាណត្តិទី៣ ត្រូវខិតខំបំពេញការងារខ្លួនដើម្បីឲ្យឆ្លើយតបនូវតម្រូវ ការ និងសំណូមពរចាំបាច់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងបំណងប្រាថ្នារបស់ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចខ្លួន ដោយមិនត្រូវប្រកាន់ពីការរើសអើងខាងនយោបាយ ពណ៌សម្បុរ ជំនឿសាសនា និងទ្រព្យធននោះទេ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសុពលភាពចូលកាន់មុខតំណែងក្រុមប្រឹក្សាក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ថ្មីៗនេះ។ ក្រុមប្រឹក្សាក្រុងបាត់ដំបង អាណត្តិថ្មីនេះមានសមាជិក សមាជិកាសរុបចំនួន២១រូប និងមានអាណត្តិរយៈពេល៥ឆ្នាំ (ពីឆ្នាំ២០១៩ដល់២០២៤) ក្នុងនោះលោក អឿម សុខុន ត្រូវបានបន្តតំណែងជាប្រធានក្រុមប្រឹក្សាក្រុងសម្រាប់អាណត្តិទី៣នេះបន្តទៀត។

ឯកឧត្តមអភិបាលខេត្តបានថ្លែងបន្តទៀតថា ក្រុមប្រឹក្សាក្រុងដែលទើបតែជាប់ឆ្នោតហើយ នឹងត្រូវចូលកាន់មុខតំណែង និងមានអាណត្តិ៥ឆ្នាំរបស់ខ្លួននេះ តាមគោលការណ៍ច្បាប់”ក្រុមប្រឹក្សា”គឺ ជាតំណាងឲ្យពលរដ្ឋ ដូចនេះ ត្រូវរួមគ្នាដើម្បីធ្វើកិច្ចការងារដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងកិច្ចអភិវឌ្ឍន៍ក្នុងក្រុងសង្កាត់របស់ខ្លួនឲ្យបានរីកចម្រើន ស្របតាមផែនការ៥ឆ្នាំរបស់ខ្លួន។

ជាមួយគ្នានេះ រដ្ឋបាលឯកភាពក្រុង ក៏ត្រូវខិតខំសម្របសម្រួល និងពង្រឹងក្នុងការផ្ដល់សេវាតាមការិយាល័យច្រកចេញចូលតែមួយរបស់ខ្លួន ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការបម្រើជូនប្រជាពលរដ្ឋដែលមកទទួលសេវានៅកន្លែងតែមួយ។ ត្រូវចេះពីនិត្យតាមដាន និងគាំទ្រដល់ដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិល័យប្រជាពលរដ្ឋនៅរដ្ឋបាលក្រុង ដើម្បីធានាក្នុងការផ្ដល់សេវា និងដំណើរការងាររបស់ខ្លួនប្រកបដោយតម្លាភាព និងគណនេយភាព ស្របតាមគោលការណ៍បែបបទ និងនីតិវិធី ដែលបានកំណត់ដោយច្បាប់។

ឯកឧត្តម ក៏បានថ្លែងផ្តាំផ្ញើ និងក្រើនរំលឹកដល់ក្រុមប្រឹក្សាក្រុងអណត្តិថ្មីនេះ ត្រូវរួមគ្នាជាមួយនឹងគណៈអភិបាលក្រុង មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្របលំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែង និងពុះពារជំនះនូវរាល់ឧបសគ្គ ចេះធ្វើការដោះស្រាយនូវបញ្ហាប្រឈមនានា តាមរយៈនៃការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុប ក្នុងកិច្ចសហការរួមសាមគ្គីខ្ពស់ ដើម្បីធ្វើការដឹកនាំ និងជំរុញកិច្ចអភិវឌ្ឍន៍នានានៅ ក្នុងក្រុងរបស់ខ្លួន ដោយផ្អែកលើស្ថានភាព និងពីតម្រូវការចាំបាច់ជាក់ស្តែងនៅក្នុងមូលដ្ឋាន ប្រកបដោយបរិយាប័ន្ន តម្រង់ទិស និងកំណត់ទិសដៅ ចក្ខុវិស័យឲ្យសមស្របតាមការវិវត្តន៍ថ្មីៗ ដើម្បីជាឧត្តមប្រយោជន៍នៅក្នុងការកាត់បន្ថយបាននូវភាពក្រីក្រជូនប្រជាពលរដ្ឋ និងឆ្លើយតបបានស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់បន្ថែមថា រដ្ឋបាលឯកភាពក្រុងបាត់ដំបង ត្រូវធ្វើការដឹកនាំសម្របសម្រួលការងារជាមួយនឹងរដ្ឋបាលសង្កាត់របស់ខ្លួន ដើម្បីធ្វើការត្រួតពិនិត្យមើលឡើងវិញនូវបញ្ជីបញ្ហាប្រឈម និងសំណើ សំណូមពរនានារបស់ប្រជាពលរដ្ឋ ដែលបានលើកនៅក្នុងវេទិកាសាធារណៈកន្លងមក ក៏ដូចជា សំណូមពរជាមួយនឹងក្រុមការងារថ្នាក់ជាតិកន្លងមក ដើម្បីកំណត់ជាអាទិភាពក្នុងការរៀបចំផែនការសកម្មភាព ក្នុងការដោះស្រាយបញ្ហាចំពោះមុខ សម្រាប់អាណត្តិក្រុមប្រឹក្សាថ្មីនេះ៕ធ.ដ

ដោយៈ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner