«ចំប៉ីខ្មៅ» ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារ២ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសត្រឹម១ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ លោក ម៉ៅ ស៊ីណា ចៅក្រមសាលាដំបូងរាជធានី ភ្នំពេញ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសឈ្មោះ យិន ហេង ហៅ« ចំប៉ីខ្មៅ» ដាក់ពន្ធនាគារកំណត់រយៈពេល២ឆ្នាំ ប៉ុន្តែអនុវត្តន៍ទោសត្រឹម១ឆ្នាំ ទោសសល់ប៉ុន្មានត្រូវព្យួរ និងពិន័យជាប្រាក់ចំនួន៣លានរៀលចូលជាថវិការដ្ឋ។

សូមជម្រាបថា ការសម្រេចនេះធ្វើឡើង បន្ទាប់តុលាការបានជំនុំជម្រះលើសំណុំរឿងនេះកាលពីថ្ងៃទី០៤ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។ ក្នុងសវនាការឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ បានសារភាព ទោសកំហុស និងបានសុំទោសប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ព្រមទាំងបានស្នើឲ្យតុលាការបន្ធូរបន្ថយទោសដល់ខ្លួនផងដែរ។

គួររំលឹកថា ឈ្មោះ យិន ហេង ហៅ ចំប៉ីខ្មៅ ភេទប្រុស មានទីលំនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មានមុខរបរជានិស្សិត ត្រូវកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចហាងមួយកន្លែងក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ ក្បែរព្រះបរមរាជវាំង។

លុះនៅល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ យិន ហេង ហៅចំប៉ីខ្មៅ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីតំណាងអយ្យការបានសម្រេចបើកការស៊ើបសួរដោយចោទប្រកាន់លើជនជាប់ចោទរូបនេះពីបទ ញុះញង់ឲ្យមានការរើសអើង តាមមាត្រា ៤៩៤ និងមាត្រា ៤៩៦នៃក្រមព្រហ្មទណ្ឌ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner