ជំងឺគ្រុនឈាមផ្ទុះឡើងក្នុងឆ្នាំ២០១៩៖ ក្មេងចាស់ប្រុសស្រីនៅខេត្តមណ្ឌលគិរី៥០០នាក់ ទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់
មណ្ឌលគិរី៖ នៅក្នុងរដូវភ្លៀងឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងខេត្តមណ្ឌលគិរី គ្រាដែលមន្ត្រីនៃមន្ទីរពេទ្យខេត្តមណ្ឌលគិរី អះអាងថា បានកើនឡើងបើប្រៀបធៀបកាលពីបណ្តាឆ្នាំកន្លងទៅ។
វេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៩មិថុនា បានប្រាប់ថាប៉ុន្មានឆ្នាំមកនេះនៅ ខេត្តមណ្ឌលគិរីធ្លាប់ផ្ទុះឡើងនូវជំងឺគ្រុនឈាមម្ដងរួចមកហើយកាលពីឆ្នាំ២០១៦ ចំណែកឆ្នាំ២០១៧ ២០១៨ អាត្រាអ្នកជំងឺគ្រុនឈាមមានតិចតួចប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០១៩នេះ ជំងឺគ្រុនឈាមបានផ្ទុះឡើងម្ដងទៀត ចាប់ពីដើមខែឧសភារហូត ដល់ពាក់កណ្ដាលខែមិថុនា។ ពោលគឺមានរយៈពេលជាង១ខែមកហើយ និងមានក្មេងចាស់ប្រុសស្រីប្រមាណ៥០០នាក់បានឆ្លង ជំងឺគ្រុនឈាម និងបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិតថា អ្នកជំងឺទាំងនោះ បានជាសះស្បើយជាបន្តបន្ទាប់ចំនួន៤៤៦នាក់ មានអាការៈធ្ងន់បញ្ជូនទៅមន្ទីរពេទ្យរាជធានីភ្នំពេញ ០៤នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបបង្អែកប្រមាណ៥០នាក់ គិតត្រឹមថ្ងៃ១៩ ខែមិថុនា ឆ្នាំ២០១៩។
លោកវេជ្ជបណ្ឌិត ទុយ ស្រស់ បន្តថា ក្នុងឆ្នាំនេះ ជំងឺគ្រុនឈាមបានកើតឡើងគ្រប់តំបន់ទូទាំងខេត្ត និងមានការ កើនឡើងបើធៀបនិងឆ្នាំ២០១៦ ដែលធ្លាប់រីករាលដាលជំងឺគ្រុនឈាមម្ដងរួចមកហើយ។ លោកថា ជំងឺគ្រុនឈាមពិតជាកាចសាហាវ ប្រសិនបើអ្នកជំងឺទុកបណ្ដែតបណ្ដោយមិនរកការព្យាបាល ឬការព្យាបាលមិនត្រឹមត្រូវ ដែលអាចបណ្ដាលឲ្យអ្នកជំងឺបាត់បង់ជីវិត ហើយអាការៈដែលសង្ស័យថាមានផ្ទុកជំងឺគ្រុនឈាមត្រូវមកជួបគ្រូពេទ្យជាបន្ទាន់នោះ គឺក្ដៅខ្លួន ខ្លាំង ក្រហមមុខ ក្រហមភ្នែក ឈឺគ្រាប់ភ្នែកផ្នែកខាងក្រោយ ឈឺក្បាល ឈឺសាច់ដុំ និងពេលខ្លះចេញកន្ទួលរមាស់។ 
ប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី លោកវេជ្ជបណ្ឌិត ប៊ុន សួ បានឲ្យដឹងដែរថា មួយរយៈនេះមន្ត្រីសុខាភិបាល ក៏បានចុះដាក់ថ្នាំសម្លាប់ដង្កូវទឹកតាមផ្ទះប្រជាពលរដ្ឋគ្រប់តំបន់ និងណែនាំអំពីវិធានការបង្កាផងដែរ។ លោកក៏ សូមអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវសម្អាតបរិស្ថានជុំវិញផ្ទះ កុំឲ្យមានរបស់ដក់ទឹក ដែលជាជម្រករបស់សត្វមូស និងត្រូវមក មន្ទីរពេទ្យបង្អែកជួបជាមួយគ្រូពេទ្យករណីសង្ស័យថាមានជំងឺគ្រុនឈាម ព្រោះនៅមន្ទីរពេទ្យបង្អែកខេត្តមានលទ្ធភាពគ្រប់គ្រាន់ព្យាបាលអ្នកជំងឺគ្រុនឈាម ដោយមានទាំងធនធានមនុស្ស បច្ចេកទេស ធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងមានថ្នាំច្រើន ប្រភេទសម្រាប់ប្រើប្រាស់ ជៀសវាងការព្យាបាលនៅខាងក្រៅ ធ្វើរោគវិនិច្ឆ័យមិនត្រឹមត្រូវ ផ្ដល់ថ្នាំខុសអាចប៉ះពាល់អាយុ ដល់ជីវិត ឬអាចចំណាយថវិកាអស់ច្រើនតែមិនជាសះស្បើយ។ 
គួររំលឹកថា ស្របពេលដែលជំងឺគ្រុនឈាមកំពុងផ្ទុះឡើងនៅទូទាំងប្រទេស សម្រាប់ខេត្តមណ្ឌលគិរីប្រមាណជាង១ខែ មកនេះមានមនុស្សទាំងចាស់-ទាំងកុមាររាប់រយនាក់បានឆ្លងជំងឺគ្រុនឈាម ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ ខណៈក្រុម គ្រូពេទ្យតាមមណ្ឌលសុខភាពនានា ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ពុំមានការធ្វេសប្រហែសដូចការលើកឡើងរបស់បណ្តាក្រុមអ្នកលេងហ្វេសប៊ុកនោះឡើយ៕ម.ន ដោយៈ សាត ចាន់បុត្រ

