រយៈពេលប្រមាណ៤០នាទី អគ្គិភ័យបានបំផ្លាញផ្ទះចំនួន០៤ខ្នង នៅក្រុងបាត់ដំបង

ឧបទ្ទវហេតុគ្រោះអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋចំនួន០៤ខ្នង ស្ថិតនៅក្នុងភូមិកម្មករ ក្រុង-ខេត្តបាត់ដំបង កាលពីរសៀលម៉ោង៤និង១០នាទី ថ្ងៃទី១៨ខែមិថុនានេះ ពេលដែលម្ចាស់ផ្ទះរងគ្រោះ ចេញពីផ្ទះទៅប្រកបមុខរបរនៅខាងក្រៅ។ ហេតុការណ៍កើតឡើងនេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅទីនោះ អះអាងនិងសន្និដ្ឋានថា គឺបណ្តាលមកពីផ្ទះធ្វើទឹកសណ្តែក ម្ចាស់ផ្ទះមានឈ្មោះសាំង សុគន្ធ ភេទស្រី អាយុប្រមាណ៨០ឆ្នាំ។ អ្នកឃើញហេតុការណ៍ដំបូង បានឲ្យដឹងដែរថា គាត់បានឃើញផ្សែងហុយៗចេញពីផ្ទះធ្វើទឹកសណ្តែកមុនគេ។ មួយសន្ទុះក្រោយមក ក៏មានអណ្តាតភ្លើងឆេះសន្ធោសន្ធៅឡើង ហើយបានរាលដាលទៅឆេះផ្ទះធំៗចំនួន២ខ្នងបន្តទៀត  បង្កការផ្អើលពេញភូមិតែម្តង។

នៅក្នុងហេតុការណ៍អាក្រក់កើតឡើងនេះ ក៏មានវត្តមានរបស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក ផេង សិទ្ធី អភិបាលក្រុង លោកឧត្តមសេនីយ៍ ជេត វណ្ណនី ស្នងការរងខេត្ត ព្រមទាំងកងកម្លាំងសមត្ថកិច្ចជំនាញក្រុងខេត្ត និងក្រុមរថយន្តពន្លត់អគ្គីភ័យ នៃស្នងការនគរ បាលខេត្ត បានចុះធ្វើអន្តរាគមន៍ និងបាញ់ពន្លត់ភ្លាមៗផងដែរ ដោយប្រើប្រាស់ទឹកប្រមាណជាង១០ ឡាន។

លោក ផេង សិទ្ធី អភិបាលក្រុងបានបញ្ជាក់ថា ភ្លាមៗនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយទេ រីឯទំហំនៃការខូចខាតក៏មិនទាន់បានវាយតម្លៃជាក់លាក់នៅឡើយដែរ។ តែប្រភពព័ត៌មានទទួលបានដំបូង ក្នុងនោះឆេះផ្ទះចំនួន៤ខ្នង ដោយក្នុងនោះ ឆេះខ្ទេចទាំងស្រុងចំនួន០២
ខ្នង និង០២ខ្នងទៀត ឆេះប្រហែល៥០ភាគរយ និងឆេះម៉ូតូ០២គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនធំ។


ទាក់ទិនក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ អភិបាលខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ដ៏អាក្រក់នេះ ហើយអ្វីដែលគួរឲ្យសោកស្តាយទៀតនោះ គឺ ដោយសារស្ថានភាពទីកន្លែងកើតហេតុ ស្ថានភាពផ្លូវចូលតូចចង្អៀតមិនអាចឡានពន្លត់អគ្គិភ័យចូលដល់។ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនដែលរស់នៅម្តុំកើតហេតុខាងលើ គួរតែពិចារណាឡើងវិញថា តើគួរនាំគ្នារំកិលព្រំរបងផ្ទះ ដែលលូតលយចូលក្នុងផ្លូវបង្កឲ្យមានការតូចចង្អៀតផ្លូវ ដើម្បីបើកផ្លូវឲ្យបានធំអាចឡានធំចូលបាន ជាពិសេសពេលមានហេតុការអាក្រក់កើតឡើង យើងមានលទ្ធភាពជួយសង្គ្រោះបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្តបានព្រលយពាក្យប្រាប់ទៅលោកអភិបាលក្រុងថា បើសិនបងប្អូននាំគ្នារំកិលព្រំរបង បើកផ្លូវឲ្យធំសម្រាប់ឡានធំចូលបាន ឯកឧត្តម នឹងស្វែងរកថវិកាដើម្បីជួយធ្វើផ្លូវបេតុងនៅទីនេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលរងគ្រោះឆេះផ្ទះដោយអគ្គិភ័យ មានចំនួន០៤គ្រួសារ ក្នុងនោះ៖ ១)លោកយាយ សាំងសុគន្ឋ យុ៧៧ឆ្នាំ ២)លោកយាយ អៀម សារួន អាយុ ៧២ឆ្នាំ ៣)លោកស្រី សុខ សេដ្ឋា អាយុ៥០ឆ្នាំ និង៤)លោក  វ៉ាន់ នីន អាយុ៦៤ឆ្នាំ៕ម.ន ដោយៈ អ៊ុក សំអាន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner