កោះរ៉ុង ត្រូវបានបង្កើតទៅជាក្រុងរដ្ឋបាលថ្មី ក្នុងទឹកដីខេត្តព្រះសីហនុ
ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែងអភិបាលក្រុង និងក្រុមប្រឹក្សាក្រុងកោះរ៉ុង ដែលទើបបង្កើតថ្មី។ ក្រុងកោះរ៉ុង ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដោយកាត់សង្កាត់ចំនួន២ចេញពីក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម មានប្រជាជនសរុបជាង៧០០គ្រួសារ។ លោក នួន ប៊ុនថុល អតីតនាយកទីចាត់ការអន្តរវិស័យសាលាខេត្តព្រះសីហនុ ត្រូវបានប្រកាសមុខតំណែងជាអភិបាលនៃគណៈអភិបាលក្រុង និងលោក អ៊ួង និត អតីតចៅសង្កាត់កោះរ៉ុង ឲ្យកាន់មុខតំណែងជាប្រធានក្រុមប្រឹក្សា។

ថ្លែងក្នុងឱកាសប្រកាសមុខតំណែងថ្នាក់ដឹកនាំក្រុងនេះ ឯកឧត្តម យន្ត មីន បានគូសបញ្ជាក់ថាក្រុងកោះរ៉ុង គឺជាតំបន់ទេសចរណ៍មួយប្រកបដោយសក្តានុពល គឺ ១)កោះរ៉ុងមានឆ្នេរខ្សាច់ស្អាត ២)មានទឹកសមុទ្រថ្លាឈ្វេងគួរឱ្យចង់ហែលលេងកម្សាន្ត និង៣)កោះនេះ គ្របដណ្ដប់ទៅដោយព្រៃឈើបៃតង ហើយមានបរិយាកាសល្អខ្យល់អាកាសបរិសុទ្ធគួរឱ្យចង់មកលំហែ។ ឯកឧត្តមយល់ឃើញថាសក្តានុពលរបស់កោះរ៉ុងនេះ បានធ្វើឲ្យពិភពលោកបានស្គាល់កោះរ៉ុងនៃខេត្តព្រះសីហនុថាជាកន្លែងគួរជាទីមនោរម្យចង់មកលំហែ។ ឯកឧត្តម យន្ត មីន មានប្រសាសន៍ថា ការបង្កើតដែនដីកោះនេះឲ្យទៅជាក្រុងរដ្ឋបាល គឺជាការបង្ខិតសេវាឲ្យមកនៅកៀកកិតជាមួយប្រជាពលរដ្ឋ និងសម្រួលដល់ការលំបាករបស់ប្រជាជន។

ជាមួយនេះ ឯកឧត្តម យន្ត មីន បានផ្ដាំផ្ញើដល់គណៈអភិបាលក្រុង និងក្រុមប្រឹក្សាក្រុងកោះរ៉ុង ត្រូវលៃលកសាងហេដ្ឋារចនាសម្ពន្ធ័ក្នុងដែនដីរបស់ខ្លួន និងសហការ សាមគ្គីគ្នាបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងត្រូវធ្វើខ្លួនជាមន្ត្រីបម្រើប្រជាជនពិតប្រាកដ។ ទន្ទឹមនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាទទួលបានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជីវភាពប្រជាជនបានធូរធារ អត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយជាលំដាប់ ហើយអនាគតនឹងកាន់តែល្អប្រសើរថែមទៀត។

លោក នួន ប៊ុនថុល អភិបាលក្រុង និងលោក អ៊ួង និត ប្រធានក្រុមប្រឹក្សាកោះរ៉ុង បានបង្ហាញការប្ដេជ្ញាចិត្តស្រដៀងគ្នាថា នឹងខិតខំបម្រើប្រជាជនឲ្យបានល្អប្រសើរ និងរួមគ្នាគឺខិតខំស្ដាហេដ្ឋារចនាសម្ព័ន្ធនៅលើដែនកោះមួយនេះ ឲ្យកាន់តែមានដំណើរការល្អប្រសើរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋទូទៅ និងការពារសុវត្ថិភាព សន្តិសុខ ឲ្យបានគត់មត់ជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ និងអ្នកវិនិយោគ។

គួរបញ្ជាក់ថា ក្រុងកោះរុង មានចម្ងាយប្រមាណ៣៦គីឡូម៉ែត្រពីដែនគោកនៃក្រុងព្រះសីហនុ។ បើយើងធ្វើដំណើរតាមទូកពីក្រុងព្រះសីហនុ ឆ្ពោះទៅក្រុងកោះរ៉ុងចំណាយពេលត្រឹមតែ៣០ ទៅ៤០ នាទីប៉ុណ្ណោះ។ ខណៈនេះ បើទោះបីជាហេដ្ឋារចនាសម្ព័ន្ធនៅក្រុងនេះមិនទាន់បានរៀបរយក្តី ប៉ុន្តែអភិបាលខេត្តព្រះសីហនុថានឹងជំរុញឲ្យអ្នកដឹកនាំក្រុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសព្វបែបយ៉ាងឲ្យបានល្អប្រសើរដើម្បីធានានិរន្តរភាព និងភាពងាយស្រួលក្នុងការបំពេញការងារផ្សេងៗប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ មានសុទិដ្ឋិនិយមថា អនាគតក្រុងកោះរ៉ុង នឹងកាន់តែល្អប្រសើរ ហើយជាទីកន្លែងគួរជាទីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក៕ធ.ដ






