លោកជំទាវ គឹម សេដ្ឋានី ជំរុញឲ្យប្អូនៗទាំងអស់គ្នា ទាំងអ្នកទទួលបានមេដាយ ទាំងអ្នកមិនទទួលបានមេដាយ មិនត្រូវបោះបង់ការខិតខំទេ

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកួតកីឡាតេក្វាន់ដូ WT ព្រឹក្តិការណ៍កីឡាសិស្សថ្នាក់ជាតិ លើកទី១ ឆ្នាំ២០១៩ បានបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ម្សិលមិញ។ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា អ្នកឈ្នះមេដាយ ត្រូវតែបន្តហ្វឹកហាត់បន្ថែមទៀត ចំណែកឯអ្នកមិនទាន់ឈ្នះ ត្រូវប្រឹងប្រែងឲ្យខ្លាំងជាងនេះ ដើម្បីប្រជែងយកមេដាយនៅឆ្នាំក្រោយៗទៀត។

លោកជំទាវបន្តទៀតថា កាប្រកួតថ្នាក់ជាតិនេះ ជាយុទ្ធសាស្រ្តកំណែទម្រង់ថ្មីរបស់ក្រសួងអប់រំ ដើម្បីផ្តល់ឱកាសឲ្យយុវជនវ័យក្មេងបានបញ្ចេញសមត្ថភាព និងទេពកោសល្យ នឹងអាចក្លាយជាកីឡាករ កីឡាការិនីថ្នាលយកមកធ្វើការហ្វឹកហាត់បន្ថែម សម្រាប់ត្រៀមការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេស ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល ដើម្បីដណ្តើមបានមេដាយជាតិ។

លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ទៀតថា ប្រភេទកីឡាតេក្វាន់ដូ WT មិនត្រឹមតែជាកីឡាហ្វឹកហាត់ ដើម្បីសុខភាព មិត្តភាព សាមគ្គីភាពប៉ុណ្ណោះទេ តែវាក៏ជាកីឡាមួយមានសក្តានុពល ដែលធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធិ នៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះសូមឲ្យប្អូនៗដែលជាកីឡាករ កីឡាការិនី ត្រូវប្តេជ្ញាចិត្តឲ្យខ្ពស់ ប្រឹងប្រែងហ្វឹកហាត់ ដើម្បីសម្រេចបានជោគជ័យ និងជាទំពាងស្នងប្ញស្សីនាថ្ងៃអនាគត ដូចពាក្យស្លោក កីឡាកសាងមនុស្ស មនុសុ្សកសាងប្រទេសជាតិ។

សម្រាប់លទ្ធផលវិញ ខេត្តបាត់ដំបង ឈរលេខ១ ដណ្តើមបានមេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធិ២ សរុប៨គ្រឿង លេខ២ រាជធានីភ្នំពេញ មាស៣ ប្រាក់១ និងសំរឹទ្ធិ៦ សរុប១០គ្រឿង។ រីឯលេខ៣ ខេត្តកំពត មាស៣ បា្រក់១ និងសំរឹទ្ធិ១ សរុប ៥គ្រឿង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner