សមាគមសិល្បៈជប៉ុនកម្ពុជា (JCPAA) រៀបចំការប្រគុំតន្ត្រី និងសម្ដែងល្ខោនអូប៉េរ៉ា ដ៏ធំនៅផ្សារទំនើបអ៊ីអនម៉ល២ ខណ្ឌសែនសុខ
ភ្នំពេញ៖ សមាគមសិល្បៈជប៉ុនកម្ពុជា (JCPAA) បានរៀបចំការប្រគុំតន្ត្រី និងសម្ដែងល្ខោនអូប៉េរ៉ា ដ៏ធំនៅផ្សារទំនើបអ៊ីអនសែនសុខ កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។ អ្នកស្រី អ៊ីកិដា ហ៊ិសាកុ ប្រធានសមាគមសិល្បៈជប៉ុនកម្ពុជា និងជាគ្រូបង្រៀនផ្នែកតន្ដ្រី នៅសាលាវិចិត្រសិល្បៈ បានឲ្យដឹងថា កាលពីដំបូង ការប្រគំតន្ដ្រីបែបអូប៉េរ៉ា មិនសូវមានអ្នកស្ដាប់នោះទេ តែមកឥឡូវលោកស្រីរីករាយពន់ពេក ព្រោះមានប្រជាពលរដ្ឋខ្មែរជាច្រើន បានចាប់អារម្មណ៍ និងមានអ្នកហាត់រៀនជាច្រើនទៀតផង។
ចំណែកអតីតបវរកញ្ញាជប៉ុន ឆ្នាំ១៩៩៩ Satomi Ogawa បានថ្លែងកោតសរសើរ ផ្នែកសិល្បៈតន្ដ្រីក្នុងប្រទេសកម្ពុជា បន្ទាប់ពីនាងបានចុះធ្វើការងារផ្ទាល់ជាមួយក្រុមការងារ នៅសាលាវិចិត្រសិល្បៈ ហើយនាងរីករាយជាខ្លាំង រាល់ពេលមកច្រៀង ឬសម្ដែងនៅកម្ពុជាម្ដងៗ ដោយមានការគាំទ្រ និងការផ្ដល់កម្លាំងចិត្តជាច្រើនពីប្រជាពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា សមាគមសិល្បៈជប៉ុនកម្ពុជា (JCPAA) ជាអង្គការមិនស្វែងរកបា្រក់ចំណេញដ៏ជាក់លាក់មួយ ដែលមានបំណងរួមចំណែកដល់ការកសាងភាពសុខសាន្ត និងស្ថិរភាពសង្គម ហើយកំពុងព្យាយាមជំរុញការសម្តែងសិល្បៈតាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងតន្ត្រីមិត្តភាពអន្តរជាតិ រវាងជប៉ុន និងកម្ពុជា។ ការប្រគំតន្ដ្រី Catch a Cambodian Star 2019 មានបំណងរួមចំណែកដល់ការកសាងភាពសុខសាន្ត និងស្ថិរភាពសង្គម តាមរយៈកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងតន្ត្រីមិត្តភាពអន្តរជាតិជប៉ុន និងកម្ពុជា។
កម្មវិធីនេះ បានធ្វើឡើងដំបូងក្នុងឆ្នាំ២០១៣ ហើយក៏ជាកម្មវិធីប្រកួតប្រជែងអាហារូបករណ៍តន្ត្រី ដើម្បីស្វែងរកតន្ត្រីករឆ្នើមកម្ពុជា ហើយធ្វើការគាំទ្រ និងអប់រំបណ្តុះបណ្តាលបន្ថែម ហើយអ្នកឈ្នះ អាចទទួលបានការគាំទ្រផ្នែកបច្ចេកទេស ដើម្បីឈានទៅដល់កម្រិតស្តង់ដារអន្ដរជាតិទៀតផង៕ធ.ដ