រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឲ្យដំណើរការផ្លូវអាទិភាពមួយចំនួនសម្រាប់ រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមដាក់ឲ្យដំណើរការផ្លូវអាទិភាពមួយចំនួនសម្រាប់រថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដឹកញ្ជូនអ្នកដំណើរ ប្រកបដោយភាពរហ័សទាន់ចិត្ត។ អភិបាលរាជធានីភ្នំពេញបានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់ក្រុមអ្នកជំនាញចុះសិក្សាជាមួយភាគីជប៉ុន ដើម្បីកំណត់បណ្តាញផ្លូវមួយចំនួនជាផ្លូវឯកទិស និងផ្លូវអាទិភាសម្រាប់រថយន្តក្រុងសាធារណៈ បានបើកបរដោយគ្មានការរំខាន និងឧបសគ្គអ្វីមួយកើតឡើង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្ថានីយ៍ចំណតរថយន្តក្រុង និងទទួលរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុននៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំ ពេញបានអះអាងថា ការកំណត់ផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈនេះ គឺដើម្បីកែលម្អប្រព័ន្ធដឹកជញ្ជូនតាមរយៈមធ្យោបាយសាធារណៈរួមមួយនេះ ឲ្យកាន់តែទទួលបានប្រជាប្រិយភាព។ ពោលគឺទាក់ទាញអ្នកជិះឲ្យបានកាន់ច្រើន ដែលជួយកាត់បន្ថយការប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន សំដៅរំដោះការកកស្ទះចរាចរណ៍យ៉ាងមានប្រសិទ្ធភាព។

គម្រោងកែលម្អផ្លូវអាទិភាពសម្រាប់រថយន្តក្រុងសាធារណៈ នៅរាជធានីភ្នំពេញនេះ ដោយសារតែបណ្តាផ្លូវខ្សែរត់រថយន្តក្រុងមួយចំនួនមានការចតយានយន្តគ្មានសណ្តាប់ធ្នាប់ ហើយមានការរំលោភលើចំណីផ្លូវសាធារណៈ ដែលបង្កការរំខានដល់ការធ្វើដំណើររបស់រថយន្តក្រុងពុំបានលឿនរហ័សទាន់ចិត្ត។ ឯកឧត្តមអភិបាល បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញនឹងពន្លឿនការធ្វើកិច្ចការនេះ ឲ្យបានឆាប់ជាទីបំផុតដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ដែលកំពុងកើតឡើងជាញឹកញាប់ នៅក្នុងរាជធានីភ្នំពេញ ហើយកាត់បន្ថយការរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកដោយភាពងាយស្រួល និងធានាសុវត្ថិភាព។

កឧត្តម ឃួង ស្រេង ថ្លែងថា «រដ្ឋបាលរាជធានីភ្នំពេញ និងខិតខំឲ្យរថយន្តដឹកជញ្ជូនសាធារណៈនេះធ្វើដំណើរទៀតទាត់ ដោយមានផ្លូវអាទិភាព និងផ្លូវឯកទិស ដើម្បីធ្វើយ៉ាងណាឲ្យអ្នកបើកបរគោរពពេលវេលាទៀងទាត់ ទាក់ទាញអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ ហើយបង្វែរពីការធ្វើដំណើរដោយឯកជនមកធ្វើ ដំណើររួមតាមរយៈរថយន្តក្រុង។ ចំណុចនេះ បើយើងធ្វើបានហើយគួបផ្សំ នឹងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរៀបចំបញ្ហាសណ្តាប់ធ្នាប់គ្រប់ខណ្ឌទាំង១៤ យើងនឹងសម្រេចការកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ដែលជួយសន្សំសំចៃថវិការបស់ប្រជាពលរដ្ឋ ទីក្រុងក៏មានសណ្តាប់ធ្នាប់សាធារណៈផងដែរ។

លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ថា មធ្យោបាយ ដឹកជញ្ជូនតាមរយៈរថយន្តក្រុង គឺមានផលប្រយោជន៍ច្រើនសម្រាប់ទីក្រុង និងមានសុវត្ថិភាពសម្រាប់អ្នកដំណើរ ដូច្នេះការគាំទ្ររបស់ប្រជាពលរដ្ឋ នឹងជួយជំរុញឲ្យរាជធានីភ្នំពេញ ដោះស្រាយបានបញ្ហា កកស្ទះចរាចរណ៍។

សូមបញ្ជាក់ថា មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការសេវារថយន្តក្រុងសាធារណៈបានចំនួន១៣ខ្សែ នៅតាមបណ្តាផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយជាមធ្យមក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋធ្វើដំណើរតាមរយៈសេវាមួយនេះចន្លោះពី២ម៉ឺន៦ពាន់នាក់ទៅ៣ម៉ឺននាក់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner