នាយករដ្ឋមន្រ្តីកាណាដា គ្រោងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ដើម្បីស្វែងរកជំនួយឲ្យមានការដោះលែងជនជាតិខ្លួនពីរនាក់ជាប់ឃុំនៅចិន
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកនាសប្ដាហ៍ក្រោយនេះ ដើម្បីជជែកបញ្ហាពាណិជ្ជកម្ម និងសំណុំរឿងជនជាតិកាណាដា ដែលកំពុងជាប់ឃុំខ្លួននៅទឹកដីប្រទេសចិន។

បើតាមការរំពឹងទុកនោះ នាយករដ្ឋមន្រ្តីកាណាដារូបនេះ នឹងស្នើសុំជំនួយពីប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ ដើម្បីឲ្យមានការដោះលែងជនជាតិកាណាដាទាំងពីរនាក់ ដែលលោកចាត់ថា ទុកជាការឃុំខ្លួនដោយបំពាន ខណៈទីក្រុងប៉េកាំងទើបបដិសេធការរៀបចំជំនួបរវាងលោក ទ្រូដូ និងមេដឹកនាំចិន ដើម្បីដោះស្រាយបញ្ហាឃុំខ្លួនពលរដ្ឋកាណាដានេះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ទ្រូដូ នៅសេតវិមាននឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែមិថុនាខាងមុខ ហើយនេះជាលើកទីមួយដែលលោក ទ្រូដូ ធ្វើទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកគិតចាប់តាំងពីឆ្នាំ២០១៧។ ទស្សនកិច្ចនៅសប្ដាហ៍ក្រោយនេះ ក៏ធ្វើឡើងស្របពេលដែលទំនាក់ទំនងទ្វេភាគីហាក់ល្អប្រសើរឡើងវិញខ្លះ បន្ទាប់ពីមិនត្រូវគ្នាដោយសារគោលនយោបាយចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅអាម៉េរិកខាងជើងរបស់លោក ដូណាល់ ត្រាំ៕ធ.ដ

