ឪពុកស្ដីបន្ទោសបន្តិចបន្តួច ស្រាប់តែវាយឪពុក៤ដងចប ត្រូវជាប់ខ្នោះសមត្ថកិច្ច
ភ្នំពេញ៖ លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីហិង្សាក្នុងគ្រួសារ (កូនវាយឪពុក) នៅផ្ទះលេខ២១២ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២១និង០០នាទី។ ក្នុងរបាយការណ៍បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អៀង ភន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុ។ រីឯជនសង្ស័យឈ្មោះ ខឹម វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់ជាមួយឪពុក។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង២១និង០០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងនៅផ្ទះកើតហេតុ ពេលនោះជនរងគ្រោះជាឪពុកបង្កើតត្រលប់មកពីរត់ម៉ូតូឌុបវិញ ក៏បានស្តីបន្ទោសជនសង្ស័យថា ហ្អែងគ្មានសិទ្ធផឹកស៊ីស្រែកឡូឡាក្នុងផ្ទះនេះទេ ព្រោះហ្អែងមានប្រពន្ធកូននៅខេត្តបាត់ដំបងហើយ! ពេលនោះជនសង្ស័យខឹង ក៏យកដងចបវាយជនរងគ្រោះ៤ដំបង ត្រូវចំខ្នង៣ដំបង និងត្រូវប្រអប់ដៃឆ្វេង១ដង រួចគេចខ្លួន។ លុះព្រឹកឡើងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងសមត្ថកិច្ច។ រហូតដល់ម៉ោង០៩និង៣០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
គួររំលឹកថា កន្លងមកជនសង្ស័យធ្លាប់ផឹកស៊ីស្រែកឡូឡា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដង និងប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃុំខ្លួនបណ្ដោះអាសន្ន រង់ចាំកសាងសុំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ធ.ដ


