សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា ចង់ឃើញ និងចង់បានប្រទេសកូរ៉េទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ
(ភ្នំពេញ)៖ កម្ពុជា ចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ ។ នេះជាការគូសបញ្ជាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ចាង យ៉ុងហ្គុន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ចូល ជូបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះការអបអរសាទរខួបលើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កាលពីថ្ងៃទី១ ខែតុលាកន្លងមក និងខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសយើងទាំង២ផងដែរ។ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរអស់រយៈពេល ៦០ឆ្នាំមកនេះ គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តដែលបានកសាងឡើងដោយអតីតប្រមុខរដ្ឋនៃប្រទេសទាំងពីរគឺ ឯកឧត្តម គីម អ៊ីលស៊ុង និងព្រះករុណាសម្តេចព្រះបរមរតនកោដ្ឋ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគោរពអបអរសាទរសម្តេចអគ្គមហាសេនាបតីតេជោ ដែល បានជាប់ឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភា កម្ពុជា បន្ទាប់ពីបានបំពេញភារកិច្ចជានាយករដ្ឋមន្រ្តីអស់រយៈពេល ៣៨ឆ្នាំ និងបានសម្រេចនូវសមិទ្ធផលដ៏មានតម្លៃជាច្រើនដែលមិនអាចកាត់ថ្លៃបាន ជូនប្រជាជន និងប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបន្តទៀតថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មី ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី និងមាន គណៈរដ្ឋមន្រ្តីជាយុវជន បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃស្ថានការណ៍ពិភពលោកនាពេលបច្ចុប្បន្ន។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ក៏បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងខួបលើកទី៦០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េខាងជើង (១៩៦៤-២០២៤)។ សម្តេចតេជោ បានបន្តថា កន្លងមកតែងមានទស្សនៈយល់ឃើញថា រាជរដ្ឋាភិបាលជាយុវជននេះ នឹងត្រូវការពេលវេលាដើម្បីអាចដឹកនាំបាន ប៉ុន្តែ ការពិត ពួកគេត្រូវការពេលមកដល់ ដើម្បីចេញដំណើរក្នុងការដឹកនាំប្រទេស។ ការដឹកនាំប្រទេស អស់រយៈពេល១ឆ្នាំកន្លងមក នៃរាជរដ្ឋាភិបាលថ្មីនេះ ពិតជាទទួលបានលទ្ធផលលើសការរំពឹងទុក ដោយធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចមិនថមថយ និងកំណើននៃការនាំចេញបានកើនឡើងដល់ ២០% ។
សម្តេចតេជោ បន្តទៀតថា អស់រយៈពេល ២០ឆ្នាំមកនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ចល្អ។ ទោះបីជាបានជួបវិបត្តិកូវីដ១៩ក្តី ប៉ុន្តែកម្ពុជាបានប្រែក្លាយពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើការនាំចូល ទៅជាប្រទេសមានការនាំចេញ និងមានកំណើននៃការនាំចេញថែមទៀតផង។
ទាក់ទងទៅនឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានស្នើសុំឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត មានការយោគយល់ចំពោះការដែលកម្ពុជា ត្រូវបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចំពោះទណ្ឌកម្មលើសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដោយកម្ពុជា ជារដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ដូច្នេះ កម្ពុជាត្រូវតែបង្ខំចិត្តអនុវត្តសេចក្តីសម្រេចចិត្តនានារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ទណ្ឌកម្មនោះមិនត្រឹមតែប៉ះពាល់ដល់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យប៉ុណ្ណោះនោះទេ ប៉ុន្តែប៉ះពាល់ដល់ប្រទេសនានា រួមទាំងកម្ពុជាផងដែរ។
ចំពោះទំនាក់ទំនងកូរ៉េខាងជើងជាមួយអាស៊ាន សម្តេចតេជោ បានមានប្រសាសន៍ថា កូរ៉េខាងជើង គប្បីប្រើវេទិកាអាស៊ាន ដើម្បីរក្សាទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងអាស៊ាន និងការផ្សារភ្ជាប់កូរ៉េខាងជើងជាមួយតំបន់អាស៊ាន។ សម្តេចតេជោ បានបន្តថា កម្ពុជា យល់អំពីភាពចាំបាច់នៃការការពារខ្លួនរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ក៏ប៉ុន្តែ សូមកុំដាក់វិធានការដែលដើរហួសពីភាពចាំបាច់ ដែលនាំឱ្យមានការព្រួយបារម្ភ ដល់ប្រទេសក្នុងតំបន់ និងអាស៊ាន ។
សម្តេចតេជោ ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ថា កម្ពុជាចង់ឃើញ និងចង់បានឱ្យប្រទេសកូរ៉េទាំងពីរ ដែលជាបងប្អូននឹងគ្នា មានទំនាក់ទំនងល្អជាមួយគ្នាវិញ និងចៀសឱ្យផុតពីការផ្ទុះសង្រ្គាមនៅឧបទ្វីបកូរ៉េ។ សម្តេចតេជោ ក៏បានជម្រាបទៅឯកឧត្តមឯកអគ្គរដ្ឋទូតផងដែរថា កម្ពុជា ពេញចិត្តក្នុងការចូលរួមស្វែងរកដំណោះស្រាយសន្តិភាពដល់ប្រទេសកូរ៉េទាំងពីរ ៕





អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ