ប្រទេសអាស៊ីអាគ្នេយ៍៤ក្បែរគ្នាជាប់ឈ្មោះជាតំបន់ពេញនិយមបំផុតលើលោក
បរទេស៖ តំបន់លើកោះបាលី របស់ឥណ្ឌូនេស៊ី, ទីក្រុងហូជីមិញ របស់វៀតណាម, ទីក្រុងសិង្ហបុរី នៃប្រទេសសិង្ហបុរី និងទីក្រុងបាងកក នៃប្រទេសថៃ ត្រូវបានបោះឆ្នោតឲ្យជាប់ក្នុងចំណោមតំបន់ពេញនិយមបំផុត ទាំង៣៨ របស់ពិភពលោក នេះបើតាមទស្សនាវដ្តី Time Out ចេញផ្សាយដោយ កាសែត VNexpress កាលពីថ្ងៃព្រហស្បតិ៍។
សម្រាប់កោះបាលី, ទស្សនាវដ្តី Time Out បានសង្កត់ធ្ងន់លើតំបន់ Pererenan ដែលជាភូមិមាត់សមុទ្រ ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីនេះ។ គេបានផ្តល់អនុសាសន៍ឲ្យទៅលេង ក្នុងរដូវប្រាំង ចាប់ពីខែមេសា ដល់ខែតុលា ប៉ុន្តែ ជៀសវាងទៅលេងនៅខែកំពូល ចាប់ពីខែមិថុនា ដល់ខែសីហា និងខែធ្នូ ដល់ខែមករា។ អ្នកទេសចរអាចទៅភោជនីយដ្ឋានព្រៃ Woods ផ្តល់ជូននូវម្ហូបសកល, អាំងថ្ងៃ និងតន្ត្រីបន្តផ្ទាល់។
សម្រាប់វៀតណាម តំបន់ Thao Dien Ward ដែលជាផ្ទះរបស់សហគមន៍ជនបរទេសដ៏ធំបំផុត ក្នុងទីក្រុងហូជីមិញ ដែលនាំឲ្យខ្លួន ជាប់ចំណាត់ថ្នាក់ទី១៦។ ទេសសចរត្រូវបានណែនាំឱ្យទៅហាង នំប៉័ងវៀតណាម-បារាំង ប្រកបដោយភាពច្នៃប្រឌិត ព្រមទាំង ភោជនីយដ្ឋានផ្តល់ជូន នូវម៉ឺនុយមុខម្ហូបដែលមានរសជាតិឆ្ងាញ់ លាយបញ្ចូលគ្នានូវរសជាតិវៀតណាមបែបបុរាណ ជាមួយនឹងគ្រឿងផ្សំកម្រិតខ្ពស់។
រីឯនៅប្រទេសថៃ ប្រភពបានលើកយកពីសង្កាត់ Ekkamai នៅបាងកក ដែលជាប់ចំណាត់ថ្នាក់ទី២៧ លើលោក។ Time Out បានកត់សម្គាល់ពីហាងកាហ្វេដ៏សំបូរបែប, ស្បែកជើងស្បែក និងកាបូបទាន់សម័យ ព្រមទាំង បទពិសោធន៍ពីវប្បធម៌បារ នៅទីនោះ ដែលជាប្លុករោងចក្រផលិតស្រាបៀរ តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។
រីឯប្រទេសសិង្ហបុរីវិញ គេបានលើកយកពីតំបន់ Orchard ដែលជាទីតាំងទិញទំនិញដ៏ល្បីល្បាញ នាំឲ្យទីនោះ ជាប់ចំណាត់ថ្នាក់ទី៣៧។ ក្រៅពីនេះ មានកន្លែងកម្សាន្តបែបផ្សងព្រេងទំនើប ជាមួយនឹងការជិះស្គីលើទឹកកក ការបណ្តុះបណ្តាលស្មូន, វិចិត្រសាល, សិល្បៈ និងសួនច្បារលើដំបូល ដែលផ្តល់ខ្យល់អាកាសបរិសុទ្ធ ជាដើម៕
ប្រភពពី VNepxress ប្រែសម្រួល៖ សារ៉ាត