សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ងប្រគេនអង្ករចំនួន១០តោនសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សនៅវត្តស្វាយរមៀត

សៀមរាប៖លោក ច័ន្ទ ថោងសេរី រស់នៅប្រទេសអាល្លឺម៉ង់កាល​ពី​ល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ បានប្រគេនអង្ករចំនួន១០តោន សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សចំនួន៥០​អង្គ​ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រនៅវត្ត​បារាយណ៍​មហាន​ទី​រតនារាម ហៅ វត្តស្វាយរមៀត នៅសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត មាន​ថេរដីកាថា សាលាពុទ្ទិកបឋមសិក្សាវត្តស្វាយរមៀត បានបើក​ដំណើរ​បង្រៀនព្រះសង្ឃអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ក្នុងនោះមាន​ព្រះសង្ឃជាច្រើនអង្គបានទទួលចំណេះដឹង និងបាន​ក្លាយជាធនធាន​មនុស្សដ៏ល្អ សម្រាប់សង្គមជាតិ  ដោយអ្នកខ្លះសឹកទៅបានក្លាយជា​មន្រ្តី​រាជការ អ្នកខ្លះជាអ្នកប្រកបមុខរបរ​ស៊ីមាន​ជីវភាពធូធា។បច្ចុប្បន្នមានសាមណសិស្សចំនួន៥០អង្គ បានកំពុងតែសិក្សានៅ​សាលា​ពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនេះ។ក្នុងនោះមានព្រះសង្ឃ​នៅក្នុងខេត្តសៀមរាបផង និងព្រះសង្ឃនិមន្តមកពីបណ្តាខេត្តផ្សេងៗ​ផង។ សមណសិស្សទាំងនេះ ភាគច្រើន​ជាកូនអ្នកដែលមានជីវភាព​ខ្វះខាត ហើយសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនេះ។ជាមួយគ្នានេះ ព្រះតេជគុណក៏បានផ្តល់​អាហារូបករណ៍ដល់សមណ​សិស្សមួយចំនួនបានបន្តការសិក្សានៅសាកលវិទ្យាល័យផងដែរ។

លោក ច័ន្ទ ថោងសេរី ទូលប្រគេនថា ដោយមើលឃើញពីតួនាទីមិន​អាចខ្វះបានរបស់ព្រះសង្ឃ​ពោលគឺ​វត្តអារាម​តាំងតែពី​ដើមមក​រហូតដល់បច្ចុប្បន្ន ព្រះពុទ្ធសាសនាបានចូលរួមអភិវឌ្ឍសង្គម​កម្ពុជា​ស្ទើរតែគ្រប់វិស័យ ដូចវិស័យ អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម។លោកបន្តថា ដោយហេតុនេះទើបលោកមាន​សទ្ធា​ជ្រះថ្លាប្រគេនអង្ករសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស។ក្នុងគោលបំណង គឺចងឱ្យសាមណសិស្សបានរៀនសូត្រ ធម៌ បាលី ឱ្យបានជ្រៅជ្រះ ក្លាយជាធនធានមនុស្ស​ដ៏ល្អ​សម្រាប់សង្គមជាតិ៕
ដោយ៖​ប៊ុន​រដ្ឋា

ads banner