រុស្ស៊ីគ្រោងដកតាលីបង់ចេញពីបញ្ជីពួកភេរវករ
មូស្គូ៖ រុស្ស៊ីនឹងដកពួកតាលីបង់ចេញពីបញ្ជីអង្គការភេរវករ នេះបើតាមការបញ្ជាក់របស់លោក Zamir Kabulov បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ីប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់អ្នកកាសែតកាលពីថ្ងៃសុក្រម្សិលមិញ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រសប្តាហ៍នេះ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី លោក Zamir Kabulov បាននិយាយថា ក្រសួងការបរទេសរុស្ស៊ី និងសេវាសន្តិសុខសហព័ន្ធ (FSB) កំពុងធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀត ដើម្បីរៀបចំជាផ្លូវការដកពួកតាលីបង់ចេញពីបញ្ជីភេរវករជាតិ។
លោក Kabulov បន្តថា ការសម្រេចចិត្តជាមូលដ្ឋានលើបញ្ហានេះ ត្រូវបានធ្វើឡើងរួចហើយដោយមេដឹកនាំរុស្ស៊ី ហើយថា នីតិវិធីទាំងអស់ចាំបាច់ត្រូវមានការអនុញ្ញាតជាមុនសិន។ លោក Kabulov បន្ថែមថា ការសម្រេចនេះដែរ នឹងតម្រូវឱ្យមានការយល់ព្រមពីមេធាវី សភា និងទីភ្នាក់ងាររដ្ឋដទៃទៀត ហើយលោកសង្ឃឹមថា ការសម្រេចចិត្តចុងក្រោយ នឹងត្រូវបានប្រកាសនៅពេលឆាប់ៗខាងមុខនេះ។
កាលពីខែកក្កដា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានទទួលស្គាល់ដែរថា ក្រុមតាលីបង់កំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានដោយការពិត… ក្នុងន័យនេះ ពួកតាលីបង់គឺជាសម្ព័ន្ធមិត្តរបស់យើង… ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ហើយក្រុមនេះក៏បានត្រៀមខ្លួនរួចជាស្រេចដែរ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី។
រុស្ស៊ីគឺជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាលតាលីបង់ បន្ទាប់ពីក្រុមនេះបានដណ្តើមអំណាចនៅប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ក្រោយការដកទ័ពដ៏ចលាចលរបស់អាមេរិក បន្ទាប់ពីបានត្រួតត្រាលើអាហ្វហ្គានីស្ថានអស់ពេល ២០ឆ្នាំ។ រុស្ស៊ីបានចុះឈ្មោះក្រុមតាលីបង់ក្នុងបញ្ជីខ្មៅកាលពីឆ្នាំ ២០០៣៕
ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា




