ឆេះរថយន្តដឹកអេតចាយ១គ្រឿង សង្ស័យតែឆ្លងប្រព័ន្ធភ្លើង
ភ្នំពេញ៖ រថយន្តអេតចាយ១គ្រឿងនៅសុខៗ ស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំង និងបានឆាបឆេះ សង្ស័យឆ្លងប្រព័ន្ធភ្លើង ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅឃ្លាំងស្តុកអេតចាយដ៏ធំមួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ជិតនឹងហ្គារ៉ាក់សាំងកាលតិច សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដែលមានស្លាកលេខភ្នំពេញ3D-5486ខាងលើនេះបានស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើស្រាប់តែលឺសំលេងផ្ទុះ ហើយរថយន្តនោះក៏រអិលបុកក្លោងទ្វារ ចេញមកខាងក្រៅឃ្លាំងបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះ ធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់ទៅយកបំពងអគ្គិភ័យបាញ់អស់ជាច្រើនបមពងទើបរលត់ទៅវិញ មិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើបានបន្ថែមទៀតថា ហេតុការណ៍នេះសង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។
សូមបញ្ជាក់ថាហេតុការណ៍នេះមិនបណ្តាលឲ្យមាននរណាម្នាក់រងរបួលទេ ហើយក៏មិនមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែរ។ ប្រជាពលរដ្ឋដែរស្នាក់នៅក្បែរឃ្លាំងអេតចាយខាងលើ បានសំណូមពរឲ្យម្ចាស់ទីតាំង មេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ត្រូវមានបំពងពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យទាន់ពេលវេលាដូចករណីខាងលើនេះ៕ ដោយ៖ ជីម ភារ៉ា




