អភិបាលខណ្ឌច្បារអំពៅ ស្នើឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព
ភ្នំពេញ៖ ដើម្បីពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរ ជាថ្មីម្តងទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរ សមត្ថកិច្ច ក្នុងការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព “ ឲ្យមានប្រសិទ្ធភាព តាមរយៈការផ្តល់ព័ត៌មានដល់កម្លាំងមានសមត្ថកិច្ចដើម្បីឈានដល់ការបង្ក្រាបមុខសញ្ញាប្រព្រឹត្តបទល្មើសផ្សេងៗ ដែលបង្កអសន្តិសុខនៅក្នុងមូលដ្ឋាន។ ការស្នើបែបនេះ បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ។

ថ្លែងនៅក្នុងពិធីនេះដែរ លោកអភិបាលខណ្ឌបានណែនាំឲ្យអាជ្ញាធរភូមិសង្កាត់ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារកិច្ចផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ ទោះបីជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកត្រូវដាក់វេនគ្នាប្រចាំការដើម្បីចាំទទួលយក នូវសំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋមកធ្វើការពិភាក្សាដោះស្រាយទៅតាមលទ្ធភាពដែលអាចធ្វើបាន។ គម្រោងសាងសង់ទីស្នាក់ភូមិនៅតាមសង្កាត់ទាំង៨ នេះគឺជាការសម្រេចចិត្តដោយយុទ្ធសាស្ត្រក្នុងក្របខ័ណ្ឌខណ្ឌ សំដៅធ្វើយ៉ាងណាជំរុញការផ្តល់សេវាសាធារណៈឲ្យជិតប្រជាពលរដ្ឋ។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ បានស្នើឲ្យប្រជាពលរដ្ឋចូលរួមជាមួយជាមួយអាជ្ញាធរ សមត្ថកិច្ច ដើម្បីរួមគ្នាអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ លុបបំបាត់មិនឲ្យមានការចែកចាយ ប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតីត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៊ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ព័ត៌មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ចនិងរក្សាការសម្ងាត់ជូនបងប្អូន។ ការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរនិងសមត្ថកិច្ចប៉ុណ្ណោះ គឺជាការងាររួម៕ធ.ដ
ដោយៈ សណ្តោស
