បេក្ខជនប្រឡងបាក់ឌុបម្នាក់បាន ជួបគ្រោះថ្នាក់ចរចរណ៍ និងបេក្ខជនមួយចំនួនទៀតមានបញ្ហាសុខភាពក្នុងដំណើរការសំណេរប្រឡងថ្ងៃទី២
ភ្នំពេញ៖ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)នាព្រឹកថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៤ដែលជាថ្ងៃដំណើរការសំណេរថ្ងៃទី២ បេក្ខនារីម្នាក់នៅខេត្តឧត្តរមានជ័យបានទទួលរងគ្រោះថ្នាក់ចរចរណ៍ ប៉ុន្តែយ៉ាងណាក៏នៅអាចដំណើរការប្រឡងបានវិញផងដែរ។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា បេក្ខនារីដែលជួបគ្រោះថ្នាក់ចរចរណ៍នេះមានឈ្មោះ អឿប ស្រីម៉ី បន្ទប់លេខ ១៣ លេខតុ ៣០៩ ។ បេក្ខនារីរូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលធ្វើដំណើរមកមណ្ឌលប្រឡង។ ពេលនេះគ្រូពេទ្យប្រចាំមណ្ឌលបានលាងរបួសជូនរួចរាល់ និងត្រៀមខ្លួនសម្រាប់ដំណើរការប្រឡងបន្តទៀត។
ដោយឡែកបេក្ខនារីមួយរូបទៀតនៅខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី០៩ ខែតុលានេះដែរបានជួបបញ្ហាសុខភាពដោយខ្ចះជាតិស្ករ និងខ្យោយខ្លាំង។បេក្ខនារីរូបនេះអាចដំណើរការប្រឡងបានបន្តទៀតតែត្រូវ បានដាក់ឱ្យប្រឡង ក្រៅបន្ទប់។ បេក្ខនារីរូបនេះមានឈ្មោះសៀត ស្រីលាភបន្ទាប់ ៦ តុ ១៣០ ។
នាព្រឹកថ្ងៃដដែលនេះ បេក្ខជនប្រឡងបាក់ឌុបចំនួន ២នាក់ផ្សេងទៀត នៅខេត្តតាកែវ ក្នុងនោះម្នាក់ឈ្មោះ តេម ពុទ្ធារី ភេទស្រី បន្ទប់លេខ ០៨ លេខតុ ១៩០ នៅមណ្ឌលប្រឡងអង្គរកា មានបញ្ហាវិលមុខចង់ក្អួត ដោយប្រធានអប្បមាទ ប្រធានមណ្ឌល បានសម្រេច ឱ្យបេក្ខជនមកប្រឡងក្នុងបន្ទប់សង្គ្រោះបឋម។ ចំណែក បេក្ខជនម្នាក់ទៀត ឈ្មោះ ទិត សុភិន ភេទស្រី បន្ទប់លេខ១៨ លេខតុ ៤៣៦ នៅមណ្ឌលវិទ្យាល័យ ជា ស៊ីម តាកែវ ជើង មានអាការះ វិលមុខ ថប់ដង្ហើម ព្រោះមិនបានបរិភោគបាយព្រឹក។ពេលនេះកំពុងសម្រាកនៅបន្ទប់សុខភាព ហើយប្រធានមណ្ឌលអនុញ្ញាតឱ្យប្រឡងនៅកន្លែងពេទ្យ ក្នុងទីស្នាក់កាលកណ្ដាល។
គួរបញ្ជាក់ថា នៅថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) មានបេក្ខជនចំនួន ២៥នាក់មានបញ្ហាសុខភាពនិងអនុរក្ស២នាក់ផ្សេងទៀតក៏មានបញ្ហាសុខភាពផងដែរ ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ០៤០ នាក់ (ស្រី ៧៤ ៨៨២នាក់) ក្នុងនោះ៖ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន៣៩ ៣៥៨ នាក់ (ស្រី ២៣ ៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៩៧ ៦៨២ នាក់ (ស្រី ៥១ ១៦៧នាក់)៕
ដោយ៖ម៉ាដេប៉ូ





