ទឹកជំនន់នៅនីហ្សេ ផ្តាច់ជីវិតមនុស្សជាង ៣០០នាក់ និងជាង ១លាននាក់រងផលប៉ះពាល់

នីញ៉ាម៉េ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់នីហ្សេបានរាយការណ៍កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់កើនឡើងដល់ ៣៣៩នាក់ និងច្រើនជាង ១.១លាននាក់ផ្សេងទៀត បានបង្ខំចិត្តភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាព ដោយសារតែភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់វាយប្រហារប្រទេសនីហ្សេ ចាប់តាំងពីខែមិថុនាមក។

Read. ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ANP បានចុះផ្សាយថា គិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ទឹកជំនន់នៅក្នុងប្រទេសនីហ្សេ បានបណ្តាលឱ្យមានអ្នកស្លាប់កើនឡើងដល់ ៣៣៩នាក់ និង ៣៨៣នាក់រងរបួស ខណៈដែលមនុស្សច្រើនជាង ១.១លាននាក់ផ្សេងទៀតរងផលប៉ះពាល់។

តំបន់ទូទាំងប្រទេសនីហ្សេបានរងផលប៉ះពាល់ ដោយសារទឹកជំនន់បង្កឡើងពីភ្លៀងធ្លាក់ខ្លាំង រួមទាំងរដ្ឋធានីនីញ៉ាម៉េ ជាទីដែលមនុស្ស ៩នាក់បានស្លាប់។ ទឹកជំនន់ក៏បានបណ្តាលឱ្យមានការខាតបង់ដ៏ធំនូវសម្ភារបសុសត្វ និងការផ្គត់ផ្គង់ស្បៀងអាហារផងដែរ។

ដោយឡែកវិហារឥស្លាមប្រវត្តិសាស្ត្រមួយនៅក្នុងទីក្រុងហ្ស៊ីនឌើទីពីររបស់ប្រទេសនីហ្សេ ដែលបានសាងសង់នៅពាក់កណ្តាលសតវត្សទី១៩ ក៏ត្រូវបានបំផ្លាញផងដែរ។
យោងតាមទីភ្នាក់ងារឧតុនិយមជាតិនីហ្សេ បានឱ្យដឹងថា តំបន់មួយចំនួនបានជួបប្រទះភ្លៀងធ្លាក់ខ្លាំងកើនឡើងចំនួន ២០០ភាគរយ បើធៀបនឹងបណ្តាឆ្នាំមុនៗ។

ដោយសារទឹកជំនន់បានធ្វើឱ្យសាលារៀនខូចខាត និងគ្រួសារជាច្រើនផ្លាស់ទីលំនៅ រដ្ឋាភិបាលនីហ្សេបានសម្រេចពន្យារពេលបើកឆ្នាំសិក្សាថ្មីរហូតដល់ចុងខែតុលា។
អ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា ការប្រែប្រួលអាកាសធាតុ ដែលជំរុញដោយការបំភាយឥន្ធនៈហ្វូស៊ីល កំពុងធ្វើឱ្យព្រឹត្តិការណ៍អាកាសធាតុកាន់តែអាក្រក់ឡើងៗ ក្នុងនោះទឹកជំនន់បានកើតមានកាន់តែញឹកញាប់ ធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner