អាស៊ាន គួរតែប្រើប្រាស់សក្តានុពលដ៏ធំ នៃវិស័យដែលកំពុងរីកចម្រើន ដើម្បីបន្តទទួលបាននូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព

(ឡាវ)៖ ដើម្បីរក្សាអាស៊ាន ជាកម្លាំងចលករ សម្រាប់វិបុលភាពពិភពលោក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អាស៊ាន គួរតែប្រើប្រាស់សក្តានុពលដ៏ធំ នៃវិស័យដែលកំពុងរីកចម្រើន ដូចជា៖ សេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង សេដ្ឋកិច្ចពណ៌ខៀវ និងខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ ដើម្បីបន្តទទួលបាន នូវកំណើនខ្ពស់ប្រកបដោយនិរន្តរភាព ។ នេះយោងតាមលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ របស់ក្រសួងការបរទេស នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងឱកាសអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និងលើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្រោមមូលបទ “អាស៊ាន៖ ការពង្រឹងការតភ្ជាប់ និងភាពធន់” ដែលដឹកនាំដោយ លោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងវៀងចន្ទន៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា អាស៊ាន គួរតែរក្សាការប្ដេជ្ញាចិត្តចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមានលក្ខណៈសេរី បើកចំហ បរិយាប័ន្ន យុត្តិធម៌ និងតម្លាភាព។

ទន្ទឹមនឹងនោះ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឱ្យអាស៊ាន ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងចំណោមប្រទេសសមាជិក និងជាមួយដៃគូអាស៊ាន ។

សម្តេចធិបតី បានបញ្ជាក់ជាថ្មីអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា ចំពោះអាទិភាពរបស់ឡាវ ដែលជាប្រធានអាស៊ាន ជាពិសេសការពង្រឹងការតភ្ជាប់ និងភាពធន់ដែលឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅជាមួយនឹងសេចក្ដីប្រាថ្នា និងចក្ខុវិស័យរួមរបស់អាស៊ាន ដើម្បីសម្រេចបាននូវតំបន់អាស៊ីអាគ្នេយ៍មួយ​ដែលរឹងមាំ ប្រកបដោយវិបុលភាព និងមានភាពសមាហរណកម្ម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ចំពោះការប្រឈមមុខនឹង​ភាពស្មុគ​ស្មាញ និងភាពមិនច្បាស់លាស់ ដែលកាន់តែខ្លាំងឡើងដោយបញ្ហាសន្តិសុខប្រពៃណី និងមិនប្រពៃណី ការឆ្លើយតបរួមរបស់អាស៊ាន ត្រូវតែមានភាពបុរេសកម្ម ការប្រមើល​មើល​គិតទុកជាមុន និងមានលក្ខណៈជាយុទ្ធសាស្ត្រ ដើម្បីត្រៀមខ្លួនប្រកបដោយ​ភាព​ធន់​ទៅនឹងអនាគត ។

សម្តេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រ ខាងកើតក្លាយ​ជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះ វិធីសាស្ត្រជាក់ស្តែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយ​សម្រេច​បាននូវគោលដៅនេះ។ សម្តេចធិបតី បានស្វាគមន៍ការចាប់អារម្មណ៍កាន់តែខ្លាំង​ឡើងពីប្រទេសក្រៅ​តំបន់ចំពោះ ការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ច​សហប្រតិ​បត្តិការនៅ​អាស៊ីអាគ្នេយ៍ (TAC) និងបានរំលឹកសាជាថ្មីអំពីសារសំខាន់​នៃការស្វាគមន៍​ដៃគូទាំងឡាយណា​ដែលចង់បង្កើតទំនាក់ទំនងជាមួយ អាស៊ាន​ដោយផ្អែកលើ​គោលការណ៍នៃការគោរព​គ្នា ការទុកចិត្តគ្នា និងការផ្តល់អត្ថប្រយោជ​ន៍​ទៅវិញ ទៅមក ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner