នាយករដ្ឋមន្ត្រីកម្ពុជា-នូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ
(ឡាវ)៖ ខណៈជំនួបពិភាក្សាទ្វេភាគី នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Christopher Luxon នាយករដ្ឋមន្ត្រីនូវ៉ែលសេឡង់ បង្ហាញពីឆន្ទៈជំរុញ និងបង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ជំនួបរវានាយករដ្ឋមន្ត្រីទាំងពីរ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ក្នុងជំនួបនេះ សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម Christopher Luxon ជាថ្មីបន្ទាប់ពីជំនួបលើកដំបូង កាលពីខែមីនា ឆ្នាំ២០២៤ នៅទីក្រុងមែលប៉ន នៃប្រទេសអូស្រ្តាលី ។

សម្តេចធិបតី បានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ ប្រទេសនូវ៉ែលសេឡង់ ក្នុងដំណេីរការស្វែងរកសុខសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការបញ្ជូនកងកម្លាំងថែរក្សាសន្ដិភាព កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ ការចូលរួមបោសសម្អាតមីន នៅកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សតាមរយៈការផ្ដល់ អាហារូបករណ៍ដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់ជាដើម។

ថ្នាក់ដឹកនាំទាំងពីរ បានបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ សក្តានុពលមួយចំនួន រួមមាន៖ វិស័យអប់រំ កសិកម្ម ថាមពល ពាណិជ្ជកម្ម ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ។
ប្រមុខរដ្ឋាភិបាលទាំងពីរ បានបង្ហាញពីឆន្ទៈ ក្នុងការជំរុញ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស លើវិស័យកសិកម្ម។ ចំពោះវិស័យថាមពល ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់អំពីភាពប្រហាក់ប្រហែលគ្នា និងឈានមុខគេលើការប្រើប្រាស់ថាមពលស្អាត ដោយប្រទេសទាំងពីរបានប្ដេជ្ញាបន្តបង្កើនការប្រើប្រាស់ថាមពលស្អាតឱ្យកាន់តែច្រើនថែមទៀតនាថ្ងៃអនាគត។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ប្រមុខរដ្ឋាភិបាលទាំងពីរបានបង្ហាញនូវប្ដេជ្ញាចិត្តដើម្បីជំរុញ និងបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់ អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពប្រគល់ការងារឱ្យក្រសួងការបរទេស នៃប្រទេសទាំងពឹរ ពិនិត្យលទ្ធភាពបង្កើតជាផ្លូវការនូវយន្តការ ពិគ្រោះយោបល់ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ។

ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានផ្លាស់ប្ដូរទស្សនទានគ្នា អំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយផ្ដោតលើការថែរក្សា សុខសន្ដិភាព និងស្ថេរភាព ដែលជាកត្តាកំណត់នៃការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់ និងពិភពលោក ៕
ដោយ ៖ វណ្ណលុក