ឆមាសទី១ ឆ្នាំនេះ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក មានកំណើន ១,៨ដង ធៀបនឹងឆ្នាំមុន
(ភ្នំពេញ)៖ ក្នុងសិក្ខាសាលា ស្តីពីការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ ប្រាក់រៀល នាមណ្ឌលសិក្សាបច្ចេកទេសធនាគារ នារសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម យឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក បានកើនឡើងយ៉ាងឆាប់រហ័ស ដែលក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ មានកំណើន ១,៨ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន និង ២,៨ដង ធៀបនឹងឆមាសទី១ ឆ្នាំ២០២២ ។

ឯកឧត្តម យឹម លាត បានបន្តថា ផ្អែកតាមលទ្ធផលនៃការធ្វើអង្កេតការណ៍របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាលពីឆ្នាំ២០២២ ទៅលើការប្រើប្រាស់ប្រាក់រៀល បានបង្ហាញថា ហាងលក់ទំនិញស្ទើរទាំងអស់បានបិទស្លាកតម្លៃជាប្រាក់រៀល ជាមួយនឹងប្រាក់ដុល្លារអាមេរិក ហើយហាងលក់ទំនិញកាន់តែច្រើនឡើង បានទទួលការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក ។ ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក៏បានលើកកម្ពស់ការប្រើប្រាស់ ការទូទាត់ជាប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិក។ ថ្មីៗនេះ ការប្រើប្រាស់ប្រាក់រៀលក្នុងទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក Cambodiatrade.com គឺជាការបោះជំហានមួយដ៏សំខាន់ ក្នុងការជំរុញការទូទាត់ប្រាក់រៀលជាអេឡិចត្រូនិក។

ឯកឧត្តមទេសាភិបាលរង បានបន្ថែមថា ធនាគារជាតិនៃកម្ពុជា បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបាគងចាប់ តាំងពីឆ្នាំ២០២០ មកជាមួយនឹងការគាំទ្រឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដទៃទៀត អភិវឌ្ឍឧបករណ៍ទូទាត់អេឡិចត្រូនិកផងដែរ។ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃការចូលរួមសម្រួលការប្រើប្រាស់ប្រាក់រៀលផង និងធ្វើឱ្យការទូទាត់នៅក្នុងពាណិជ្ជកម្មជារួមប្រព្រឹត្តទៅដោយប្រសិទ្ធភាពផងដែរ។ ហើយកិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជំរុញការទូទាត់ជាប្រាក់រៀលជាលំដាប់។ ជាក់ស្តែង ក្នុងចំណោមហាងទំនិញចំនួន ៣៥៩ នៅក្នុងរាជធានីភ្នំពេញ ដែលបានធ្វើអង្កេតឃើញថា មានហាងទំនិញ ៨០% ទទួលការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលក្នុងនោះមានហាងទំនិញប្រមាណ ៤៧% ទទួលការទូទាត់ជាប្រាក់រៀលផង និងប្រាក់ដុល្លារអាមេរិកផង។

ឯកឧត្តម យឹម លាត បានគូសបញ្ជាក់ថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ និងគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រជាជន ក៏ដូចជាក្រុមហ៊ុន-សហគ្រាសនៅកម្ពុជា។ ជាមួយនេះ ឯកឧត្តម វាយតម្លៃខ្ពស់ចំពោះការអនុវត្តវិធានការជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ក្រសួងពាណិជ្ជកម្ម ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការបង្កើនការប្រើប្រាស់ប្រាក់រៀលកន្លងមក ជាពិសេសការដាក់ឱ្យអនុវត្តប្រកាសតម្រូវឱ្យមានការដាក់ស្លាកតម្លៃនៅតាមហាងទំនិញនានាជាប្រាក់រៀល។ ការដាក់ស្លាកតម្លៃជាប្រាក់រៀល ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន ។
ទន្ទឹមនេះ ឯកឧត្តមទេសាភិបាលរង សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន-សហគ្រាស ម្ចាស់អាជីវកម្ម គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ វិស័យឯកជននិងគ្រប់ភាគីពាក់ព័ន្ធទាំងអស់បង្កើនការប្រើប្រាស់ ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ដល់ខ្លួនឯង និងសេដ្ឋកិច្ចជាតិ ជាពិសេសការបើកប្រាក់បៀរវត្សរ៍ជាប្រាក់រៀលជូនបុគ្គលិក ការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រតិបត្តិការរបស់ខ្លួនកាន់តែច្រើនឡើង តាមរយៈការជំរុញការបិទស្លាកតម្លៃជារៀល និងការទូទាត់ជាប្រាក់រៀល ការកំណត់អត្រាប្តូរដែលអនុគ្រោះដល់អ្នកប្រើប្រាស់ប្រាក់រៀល ការផ្តល់ឥណទាន និងការសន្សំជាប្រាក់រៀល ក្នុងលក្ខខណ្ឌប្រសើរជាងប្រាក់ដុល្លារអាមេរិក ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារចំពោះកិច្ច និងជាអ្នកសម្របសម្រួលក្រុមការងារទាំង១៦ ផ្នែកឯកជន តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការជំរុញឲ្យប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា ឱ្យបែមកប្រើប្រាស់ប្រាក់រៀល និងការប្រើប្រាស់ប្រាក់រៀលនៅតាមហាងលក់រាយនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យទេសចរណ៍ អាចទូទាត់ជាប្រាក់នឹងជួយលើកស្ទួយតំលៃរូបិយប័ណ្ណជាតិ និងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើន ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត


