អ្នកជំនាញព្យាករថា វៀតណាមនឹងក្លាយជាមហាអំណាចពិភពលោកក្នុងពេល ២០ទៅ៣០ឆ្នាំទៀត

ហាណូយ៖ លោកសាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ព្យាករថា សេដ្ឋកិច្ចរបស់វៀតណាមអាចឈានដល់តម្លៃ ២ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៥០ ធ្វើឱ្យប្រទេសអាស៊ានមួយនេះក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោកក្នុងពេលពី ២០ទៅ៣០ឆ្នាំទៀត។

លោកសាស្ត្រាចារ្យ Schwab បាននិយាយថា ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៅពេលដែលសកលភាវូបនីយកម្ម និងឧស្សាហកម្ម ៤.០ កំពុងដំណើរការក្នុងកម្រិតមួយខ្លាំងជាងមុន ដែលទាមទារឱ្យគ្រប់ប្រទេសទាំងអស់ ត្រូវបង្កើនការអភិវឌ្ឍឥតឈប់ឈរ។

លោកសាស្ត្រាចារ្យ Schwab បានគូសបញ្ជាក់ថា សេដ្ឋកិច្ចរបស់វៀតណាមដែលជាប្រទេសមានប្រជាជនចំនួន ១០០លាននាក់ ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៤៣០ពាន់លានដុល្លារនៅឆ្នាំ ២០២៤នេះ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី ៦ទៅ៧ភាគរយ ដែលនឹងកើនដល់ ២ពាន់ពាន់លានដុល្លារនៅឆ្នាំ ២០៥០។

លោកសាស្ត្រាចារ្យ Schwab ត្រូវបានកាសែតវៀតណាម Thanh Nien (Young People) ដកស្រង់សម្តីចុះផ្សាយថា វៀតណាមនឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចឈានមុខគេមួយ ក្នុងចំណោមមហាអំណាចទាំង៤០ របស់ពិភពលោកក្នុងពេលពី ២០ទៅ៣០ឆ្នាំទៀត។

មូលហេតុដែលនាំឱ្យវៀតណាមក្លាយជាមហាអំណាចសេដ្ឋកិច្ចពិភពលោក គឺដោយសារតែមេដឹកនាំ នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានវាយតម្លៃទៅលើកំណើនសេដ្ឋកិច្ចរបស់វៀតណាម ដែលផ្អែកលើឧស្សាហកម្ម និងការនាំចេញ ជាពិសេសគ្រឿងអេឡិចត្រូនិក និងការផលិតទំនិញ។ ហើយជឿជាក់ថា រចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គមរបស់វៀតណាម នឹងផ្លាស់ប្តូរយ៉ាងធំទៅកាន់យុគសម័យនៃភាពវៃឆ្លាតនៅឆ្នាំ ២០៥០៕

ប្រភព៖ tuoitrenews ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner