ពលរដ្ឋអាមេរិកពាក់កណ្តាលប្រទេសបារម្ភពីតម្លៃរស់នៅខ្ពស់
វ៉ាស៊ីនតោន៖ នៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៥ ខែវិច្ឆិកាមកដល់ ការស្ទង់មតិនាពេលថ្មីៗនេះបង្ហាញថា ៥០ភាគរយនៃប្រជាជនអាមេរិក ចាត់ទុកតម្លៃនៃការរស់នៅជាក្តីកង្វល់កំពូលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

ចាប់តាំងពីជំងឺរាតត្បាត COVID-19 តម្លៃនៃការរស់នៅរបស់ប្រជាជនអាមេរិកបានកើនឡើង ២០%។ ពលរដ្ឋបានចំណាយ ១១%នៃប្រាក់ចំណូលរបស់ពួកគេទៅលើចំណីអាហារកាលពីឆ្នាំមុន ដែលនេះជាតួលេខខ្ពស់បំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍។

ពាក់ព័ន្ធនឹងបញ្ហានេះ ទាំងយុទ្ធនាការរបស់អនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញផែនការជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារប្រជាជន។
រីឯរដ្ឋបាលរបស់លោក បៃដិន ក៏បានធ្វើសកម្មភាពកាត់បន្ថយអតិផរណាផងដែរ ប៉ុន្តែតម្លៃនៃការរស់នៅនៅតែខ្ពស់ជាងពេលដែលគាត់ចូលកាន់តំណែង ធ្វើឱ្យប៉ះពាល់ដល់ការគាំទ្ររបស់អ្នកបោះឆ្នោត និងជាចំណុចសំខាន់សម្រាប់យុទ្ធនាការរបស់លោក ត្រាំ។

បេក្ខជនមកពីគណបក្សសាធារណរដ្ឋរូបនេះ គ្រោងនឹងពង្រីកការខួងយកប្រេង និងឧស្ម័ន ដែលគាត់និយាយថា នឹងជួយកាត់បន្ថយការចំណាយលើថ្លៃថាមពលសម្រាប់គ្រួសារពលរដ្ឋ។ ហើយលោក ត្រាំ ក៏មានគម្រោងបញ្ចុះអត្រាពន្ធសាជីវកម្ម និងអនុវត្តពន្ធលើទំនិញនាំចូលផងដែរ។ ចំណែកយុទ្ធសាស្រ្តរបស់លោកស្រី ហារីស វិញ បានស្នើឱ្យសហព័ន្ធទប់ស្កាត់ការឡើងថ្លៃរបស់អ្នកផលិតអាហារ និងអ្នកផ្គត់ផ្គង់ ក៏ដូចជាការកាត់បន្ថយពន្ធសម្រាប់ជនជាតិអាមេរិកដែលមានវណ្ណៈកណ្តាល។

ការស្រាវជ្រាវរបស់សាលា Wharton នៅឯសាកលវិទ្យាល័យ Pennsylvania រកឃើញថា គោលនយោបាយរបស់លោក ត្រាំ ទំនងជានឹងបង្កើនបំណុលជាតិចំនួន ៥.៨ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំខាងមុខ បើធៀបលោកស្រី ហារីស វិញ មានត្រឹមតែ ១.២ពាន់ពាន់លានដុល្លារ៕
ប្រភព៖ CNA ប្រែសម្រួលដោយ៖ ឈឹម ទីណា

