បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផ្សព្វផ្សាយផែនការការពារសន្តិសុខសុវត្ថិភាពក្នុងពិធីបុណ្យអុំទូកនៅខេត្តកំពង់ធំ

កំពង់ធំ៖រដ្ឋបាលខេត្តកំពង់ធំ តែងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែត​ប្រទីប និងសំពះព្រះខែ អកអំបុកជារៀងរាល់ឆ្នាំ ។ឆ្នាំនេះពិធីបុណ្យ​អុំទូក​ដែល​នឹងប្រារព្ធនៅថ្ងៃទី១៦ និង១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការប្រណាំងទូក៦៤ ទូក ក្នុងនោះមានប្រភេទទូកង ៩ ទូក ប្រភេទទូកខ្នាតអន្តរជាតិចំនួន៤០ ទូក និងទូកផ្កាចារ១៥ ទូក និងមាន​ការបាញ់កាំជ្រួចនៅមាត់ស្ទឹងសែន ដើម្បីអបអរសាទរ​និងបង្កភាព​សប្បាយរីករាយក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍជូនប្រជា​ពលរដ្ឋ។

កាលពីថ្ងៃទី៩ ខែតុលា នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កំពង់ធំបានដឹកនាំកិច្ចប្រជុំដាក់ផែនការជាក់ស្ដែងរបស់បញ្ជាការដ្ឋាន​តំបន់ប្រតិ​បត្តិការ​សឹករងកំពង់ធំស្ដីពីការប្រើប្រាស់កម្លាំង និងការបែង​ចែកភារកិច្ចទទួលខុសត្រូវតាមតំបន់នីមួយៗជូនបណ្ដាកងឯកភាព ដែលមានការពាក់ព័ន្ធ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំ បណ្ដាកងឯកភាពដែល​មានភារកិច្ចត្រូវសហការអនុវត្តឱ្យបានត្រឹមត្រូវតាមផែនការ ការពារ​ឱ្យបានសន្តិសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលរួមក្នុង​ពិធីបុណ្យខេត្តកំពង់ធំ៕
ដោយ៖ប៊ុន រដ្ឋា

ads banner