ពេទ្យអាមេរិកវះកាត់កូនភ្លោះជាប់គ្នា រស់ទាំង២នាក់

វ៉ាស៊ីនតោន៖ នាពេលថ្មីៗនេះ កូនប្រុសភ្លោះកើតមកមានខ្លួនជាប់គ្នា រៀបចំពិធីខួបកំណើតលើកដំបូង បន្ទាប់ពីទទួលការវះកាត់ផ្តាច់ខ្លួនចេញពីគ្នាដោយជោគជ័យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។

កូនភ្លោះ Amari និង Javar Ruffin ដែលគ្រួសាររបស់ពួកគេរស់នៅក្នុងទីក្រុង Philadelphia បានកើតតាមរយៈការវះកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៣។ កូនប្រុសភ្លោះនេះ កើតមកមានក្បាលពោះ និងថ្លើមជាប់គ្នា ហើយមានទម្ងន់សរុប ២.៧គីឡូក្រាម។

កាលពីថ្ងៃទី២១ ខែសីហាឆ្នាំនេះ ក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់នៅមន្ទីរពេទ្យកុមារ នៃទីក្រុង Philadelphia ដែលមានអ្នកឯកទេសជាង ២០នាក់ រួមទាំងគ្រូពេទ្យផ្នែកវះកាត់ អ្នកព្យាបាលរោគ គ្រូពេទ្យជំនាញខាងវិទ្យុសកម្ម គិលានុបដ្ឋាយិកា និងអ្នកជំនាញផ្សេងទៀតជាច្រើន បានរួមគ្នាធ្វើការវះកាត់អស់រយៈពេល៨ម៉ោង ដើម្បីបំបែកកូនប្រុសភ្លោះទាំងពីរចេញពីគ្នា។

បន្ទាប់ពីវះកាត់ជោគជ័យ កូនភ្លោះទាំងពីរបានវិលត្រឡប់ទៅផ្ទះវិញ កាលពីថ្ងៃទី៨ ខែតុលា ដើម្បីរួមរស់នៅជាមួយឪពុកម្តាយ និងបងប្អូនបង្កើតរបស់ពួកគេ Kaylum និង Anora។

នៅក្នុងសហរដ្ឋអាមេរិក កូនភ្លោះកើតមកមានខ្លួនជាប់គ្នាប្រហែលជាមានតែម្តងគត់ ក្នុងចំណោមទារកចាប់កំណើតពី ៣៥,០០០នាក់ទៅ៨០,០០០នាក់។ មន្ទីរពេទ្យក្រុង Philadelphia គឺជាមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យមួយចំនួននៅក្នុងសហរដ្ឋអាមេរិក មានជំនាញឯកទេសវះកាត់ផ្តាច់ខ្លួនរបស់កូនភ្លោះ៕

ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner